នៅរសៀលថ្ងៃស្រុក ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃទីមួយនៃដំណើរបំណេញភារកិច្ចរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី មកកាន់ខេត្តមណ្ឌលគីរី បានចុះពិនិត្យស្វែងយល់ពីរីកចម្រើននៃដំណាំកាហ្វេ និងសក្តានុពលនៃដំណាំនេះនាពេលអនាគត់នៅខេត្តមណ្ឌលគីរី ដែលប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសនៅតាមទីប្រជុំជននានាកំពុងមានចំណាប់អារម្មណ៍ក្នុងការហូបកាហ្វេ ។ តាមរយៈការជួបសំណេះសំណាលជាមួយម្ចាស់កសិដ្ឋានបានឲ្យដឹងថា ការដាំដុះដំណាំនេះកំពុងតែមានសន្ទុះកើនឡើង តាមរយៈនៃការបញ្ជារទិញពីទីផ្សារ ហើយប្រាក់ចំណូលដែលទទួលពីដំណាំនេះក៏អាចរត់ទាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគត់ផងដែរ ។ សូមបញ្ជាក់ថា នៅខេត្តនេះគឺមានលក្ខណៈអាកាសធាតុ និងភូមិសាស្រ្តខុសប្លែកពីខេត្តដ៏ទៃ ដែលជាមូលហេតុធ្វើឲ្យខេត្តនេះមានសក្តានុពលអាចផលិតនូវផលិតផលកសិកម្មមួយចំនួនដែលបណ្តាខេត្តដទៃនៃព្រះជាណាចក្រកម្ពុជាមិនអាចផលិតបាន ដូចជាដំឡូងបារាំងជាដើម ។
នៅព្រឹកថ្ងៃស្អែក ឯកឧត្តម រួមជាមួយនឹងសហការីនឹងចុះពិនិត្យមើលលទ្ធផលនៃការមូលផលដំឡូងបារាំងដែលបាននិងកំពុងធ្វើការសាកល្បងដាំដុះ នៅខេត្តនេះ តាមរយៈការខិតខំប្រឹងប្រែងរបស់ សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងរយៈពេលប៉ុន្នានឆ្នាំកន្លងមក។