នារសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកពិនិត្យការលូតលាស់ដាំ ដំឡូងមីពូជ KU50 ដែលលោកបានដាំកាលពីថ្ងៃទី៣០ ខែឧសភា នៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ។ រយ:ពេល ០៣ខែ ឃើញថាដំណាំដំឡូងមីកំពុងលូតលាស់បានល្អ ឯកឧត្តមរដ្ឋមន្ត្រីរីករាយទទួលយកនូវលទ្ធផលសាកពិសោធន៍ពូជដំឡូងមីនេះ យោងទៅលើកម្រិតលូត លាស់ល្អ និងគ្មានជំងឺឆ្លង ប៉ុន្តែត្រូវរង់ចាំពិនិត្យមើលទិន្នផលនៅរដូវប្រមូលផលខាងមុខទើបធ្វើ ការវាយតម្លៃជារួមលើលក្ខណសម្បត្តិរបស់ពូជ KU50 នេះបាន មុនធ្វើការពង្រីកពូជ និងផ្សព្វផ្សាយជូនកសិករ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក កម្មករបម្រើការក្នុងកសិដ្ឋានចំនួន ៨៦នាក់ (ខ្លះជាមន្រ្តីចូលនិវត្តន៍) ភាគច្រើនជាស្រ្តី អំពីបញ្ហាជីវភាព ការងារស្នូលក្នុងកសិដ្ឋាន និងការងារបន្ទាប់បន្សំផ្សេងទៀតដែលចូលរួមចំណែកផ្គត់ផ្គង់ឲ្យជីវភាពប្រចាំថ្ងៃ ហើយបាននាំយកបណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរឲ្យបងប្អូនជាមន្រ្តី បុគ្គលិក កម្មករគ្រប់ក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។ ចំពោះតម្លៃនៃការលះបង់របស់បងប្អូនដែលនៅបម្រើការក្នុងកសិដ្ឋាននេះ (ខ្លះតាំងពីឆ្នាំ១៩៧៩) ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្ត និងកោតសរសើរចំពោះស្មារតីលះបង់យ៉ាងជ្រាលជ្រៅបំផុតនេះ។ ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើឱ្យមន្រ្តីកសិដ្ឋានយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកទេសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ ក្នុងខណ:នេះ លោកក៏បានក្រើនរំលឹកឲ្យមន្រ្តី បុគ្គលិក កម្មករយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ពូជ KU50 និងពូជ ៨១ បានទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិចមកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បង បានបង្ហាញថាពូជទាំងពីរនេះ ជាពូជធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់មានកម្រិតត្រឹមតែប្រមាណ ១-៥% ប៉ុណ្ណោះ បើប្រៀបធៀបជាមួយពូជនាំពីប្រទេសវៀតណាម និងចិន ដែលអគ្គនាយកដ្ឋានបានដាំសាកពិសោធន៍ក្នុងកសិដ្ឋាននេះ។ បច្ចុប្បន្នកសិដ្ឋានបានដាំពូជនេះបាន ៨០ហត ទុកពង្រីកពូជបន្ថែម។ សូមជម្រាបថា ការដាំសាកពិសោធន៍ ស្រាវជ្រាវនេះត្រូវបានទទួលបានការជួយឧបត្ថម្ភពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា CAVAC របស់រដ្ឋាភិបាលអូស្រ្តាលី។ ក្នុងកសិដ្ឋានក៏បាន និងកំពុងផលិតពូជពោត និងសណ្តែកសៀងផងដែរ។