នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តអញ្ជើញទៅពិនិត្យខ្សែចង្វាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់សហគ្រាសវិថី (ខេមបូឌា) ឃែស៊ូណាត់ ខូ អិលធីឌី នៅភូមិទ្រៀក ឃុំទ្រៀក ស្រុកមេមុត ។
តាមការឲ្យដឹកពីលោក ម៉េង ត្រៃ ប្រធានសហគ្រាសបានឲ្យដឹងថាសហគ្រាសបានចាប់ដំណើរការនៅខែឧសភា ឆ្នាំ២០១៨ ដោយដាក់ទុនវិនិយោគប្រមាណជាង ២.៥លានដុល្លារ។ ជាមធ្យមក្នុង១ខែប្រើប្រាស់វត្ថុធាតុដើមប្រមាណពី១៥០- ២០០តោន ដែលប្រមូលទិញពីកសិករក្នុងតំបន់នេះ ក្នុង១ខែអាចធ្វើការកែច្នៃបានពី៩០-១៥០តោន ហើយក្នុង១ឆ្នាំអាចកែច្នៃគ្រាប់ស្វាយចន្ទីស្រស់បាន ៧០០តោន។ ក្នុងរយ:ពេល៦ ខែចុង ឆ្នាំ២០១៨ សហគ្រាសបាននាំចេញទៅកាន់ទីផ្សារអារ៉ាប់លំដាប់ទី១ ចិនផងដែរបានចំនួន ១០០តោន ហើយគ្រោងធ្វើការកែច្នៃឲ្យបាន ២០០០តោនក្នុង១ឆ្នាំ។ បន្ទាប់ពីបានពិនិត្យគ្រប់ខ្សែចង្វាក់ផលិតកម្មរួចមក ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះឆន្ទនៃការដាក់ទុនវិនិយោគដើម្បីធ្វើការកែច្នៃវត្ថុធាតុដើមដ៏មានតម្លៃខាងសេដ្ឋកិច្ចមួយនេះ បន្ទាប់ពីដំឡូងមី ពីព្រោះការវិនិយោគនេះបានស្រូបយកផលិតផលក្នុងស្រុក កាត់បន្ថយលំហូរចេញដែលធ្វើឲ្យបាត់បង់តម្លៃបន្ថែមយ៉ាងច្រើន និងជួយបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋានកាត់បន្ថយចំណាកស្រុក សមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ជាលក្ខណបច្ចេកទេស លោកបានណែនាំដល់នាយកសហគ្រាសឲ្យយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពបុគ្គលិក កម្មករ ស្តង់ដារផលិត អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ហើយកិច្ចការនេះត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តឲ្យបានល្អប្រសើរ។