នៅមិនដល់ ៣ម៉ោងទៀតទេ កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្ដើមដំណើរការនៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើ ដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ បង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអនុវិស័យកៅស៊ូ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ ឈានទៅរក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
កម្មវិធីនេះ ក៏នឹងបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំបងប្អូនកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស៕