បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តដំណើរទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ គោលដៅសំខាន់នៃបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ដ្រី គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។
ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។
ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួនដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះ ឯកឧត្តមរដ្ឋមន្ដ្រីដាក់គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវ វែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំដល់មន្ដ្រីជំនាញអមដំណើរ ឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។ ការនេសាទ បើតាមឯកឧត្តមរដ្ឋមន្ដ្រី អាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន» ឡើយ ប្រសិនបើគ្មានការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនចំណូលគ្រួសារផង និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានផង៕