នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ចុងសប្តាហ៍កន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយលោកឧកញ៉ា លឹម ប៊ុន ហេង (តំណាងក្រុមការងារទី៩ផ្នែកស្រូវអង្ករ) និងលោកឧកញ៉ា គឹម សាវុធ តំណាងសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកអំពីទិដ្ឋភាពរួមនៃការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ពិសេសភាពរីកចម្រើនជាក់ស្តែងនៃការនាំចេញអង្ករ ការងារបង្ករបង្កើនផលស្រូវដែលក្នុងឆ្នាំនេះពិតមែនតែយើងទទួលរងគ្រោះធម្មជាតិដោយទឹកជំនន់ទឹកភ្លៀងក៏ដោយ ក៏យើងនៅសល់ស្រូវក្រៅពីការហូបចុកជាង៤លានតោនរួចទៅហើយដែលត្រូវផលិតចេញជាទំនិញសម្រាប់នាំចេញ។ ក្រៅពីនេះក៏នៅមានកត្តាផ្សេងៗទៀតដែលត្រូវគិតគូរដូចជាកត្តាពូជ ដោយផ្អែកទៅតាមនិន្នាការនៃតម្រូវការទីផ្សារក្រៅប្រទេស ពិសេសពូជសុទ្ធល្អដែលមានតម្លៃទីផ្សារខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៣នេះ តួលេខនៃការនាំចេញជាផ្លូវការតាមច្រកចេញ-ចូលតែមួយ សម្រាប់បំពេញបែបបទនាំអង្ករ គឺមាន៣៧៨.៨៥៦តោនដែលឆ្នាំ២០១២មានតែ២០៥.៧១៧តោនប៉ុណ្ណោះ(មានកំណើន៨៤,១%)។ ក្នុងបរិមាណអង្ករនាំចេញនោះយើងសង្កេតឃើញថា មានការកើនឡើងនូវប្រភេទអង្ករផ្កាម្លិះនិងនាងម្លិះគួរកត់សម្គាល់ ជារួមយើងក៏មាននិន្នាការចង់ជំរុញការនាំចេញអង្ករសែនក្រអូបឱ្យបានច្រើនដែរដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ត្រូវសហការគ្នាស្រាវជ្រាវ បន្ថែមទៀតអំពីការបង្កាត់ពូជថ្មីនេះដើម្បីបំពេញសេចក្តីត្រូវការរបស់ទីផ្សារ។
លោកឧកញ៉ា គឹម សាវុធ ក៏ដូចជាលោកឧកញ៉ា លឹម ប៊ុនហេង ក្នុងនាមតំណាងវិស័យឯកជនក្នុងវិស័យស្រូវអង្ករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសវនាការជាមួយឯកឧត្តមរដ្ឋមន្ត្រីនាថ្ងៃនេះ ដោយបានបង្ហាញអំពីមោទនភាពអំពីការជំរុញគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល និងបានជម្រាបជូនផងដែរអំពីការសម្របសម្រួល ការនាំចេញអង្ករតាមរយៈច្រកចេញ-ចូលតែមួយដែលដំណើរការបានល្អនិងទាន់ពេលវេលា ក៏ដូចជាជ័យលាភីលើគុណភាពអង្ករដែលកម្ពុជាបានទទួលក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។ លោកបានបញ្ជាក់ថាពូជស្រូវសែនក្រអូបជាពូជមិនប្រកាន់រដូវទទួលបានទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់។ លោកឧកញ៉ាក៏បានលើកផងដែរអំពីតម្រូវការនៃពូជស្រូវសែនក្រអូបសម្រាប់ទីផ្សារ ពិសេសភារកិច្ចរបស់វិទ្យាស្ថាន CARDIក្នុងការសហការបង្កាត់ពូជថ្មីនេះនិងការបញ្ជ្រាបបច្ចេកទេសដល់កសិករក្នុងការបង្កើនទិន្នផលស្រូវឲ្យបានសមស្របទាំងបរិមាណ និងគុណភាពក៏ដូចជាបញ្ហាដែលនៅសេសសល់ខ្លះទៀតដែលត្រូវរួមគ្នាដោះស្រាយ។ សូមជម្រាបជូនផងដែរថា ក្នុងជំនួបនោះក៏មានតំណាងសហគមន៍កសិកម្មមកពីខេត្តផ្សេងៗចូលរួមផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវឆន្ទៈក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាដែលវិស័យឯកជនជួបប្រទះបាតុភាពអសកម្មក៏ដូចជាសំណូមពរទាំងឡាយដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបានទាន់ពេលវេលា ហើយសង្ឃឹមថាក្រុមការងារផ្នែកស្រូវអង្កររបស់វិស័យឯកជននឹងរៀបចំលើកជាបញ្ហារួមដែលជួបប្រទះដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក សំដៅដោះស្រាយរាល់បញ្ហាទាំងនោះប្រកបដោយសុខដុមនីយកម្ម។ ទោះជាយ៉ាងណា អង្គភាពជំនាញក៏ត្រូវគិតគូរអំពីការបន្តរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ស្តីពីពូជដំណាំឱ្យបានសមស្របតាមស្ថានភាពនៃការវិវឌ្ឍន៍ទីផ្សារស្រូវអង្ករនៅកម្ពុជានិងក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ កិច្ចសវនាការនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសិ្នទ្ធស្នាលនិងសហប្រតិបត្តិការខ្ពស់។