អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ។
ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តី បានជ្រាបអំពីសវតា បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម និងបញ្ហាប្រឈមនាពេលកន្លងមក។ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង។ MOU នេះមានគោល បំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន/ខែ។ លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួននៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី០៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ៧តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។ លោកស្រីបានបញ្ជាក់ជូនថាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដ៏ធំធេងដែលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរទទួលបាននាពេលនេះ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ JICA Mr. Imahashi Takayuki នាយកក្រុមហ៊ុន Top Planning Japan នាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធដែលបានជួយសហការការងារបច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ ធ្វើឲ្យក្តីបំណងរបស់យើងគឺការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានទៅកាន់ទីផ្សារជប៉ុន និងជាពិសេសលោកបានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដែលបានអនុញ្ញាតឲ្យគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាចូលទៅកាន់ទីផ្សារជប៉ុន។ ថ្លែងចេញពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីជម្រាបទៅម្ចាស់ចម្ការ សហគមន៍ស្វាយចន្ទី សិប្បកម្មកែច្នៃផ្សេងៗទៀត ត្រូវស្វែងរកដៃគូដើម្បីទទួលបានបច្ចេកទេសដាំដុះ បច្ចេកទេសកែច្នៃ និងទីផ្សារនាំចេញ ដោយមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ជាឧទាហរណ៍ដើមឡើយនៅឆ្នាំ២០១៩ សិប្បកម្មមានផ្ទះឈើមួយល្វែង ទីធ្លាតូចចង្អៀត មានកម្មករជា ១០នាក់ បច្ចុប្បន្នមានបុគ្គលិក និងកម្មករសរុបចំនួន ១១០នាក់ (ស្រ្តី ៩៥) រោងសិប្បកម្មធំមួយ មានឧបករណ៍ ឬម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី និងឡចំហុយគ្រាប់។ លោកបានបន្តថាផលិតផលមានទីផ្សារ នាំឲ្យផលិតកម្មកើនឡើង កំណើនប្រាក់ចំណូល បង្កើតឱកាសការងារ ហើយនេះគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងគោលនយោបាយជំរុញការនាំចេញកសិផល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
តាមរបាយការណ៍របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឲ្យដឹងថាដោយមានការគាំទ្រពីអង្គការ JICA) ក្រុមហ៊ុន TPJ បានទទួលគម្រោងគាំទ្រដើម្បីសិក្សាលំអិតអំពីស្ថានភាពទូទៅនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងគោលបំណងកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ និងលើកកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា រយៈពេល ១៤ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន៤ (ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តកំពង់ចាម)។ ជាការសាកល្បងអនុវត្តគម្រោង ក្រុមហ៊ុន TPJ បានចុះកិច្ចព្រមព្រៀងជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងការទិញគ្រាប់ស្វាយចន្ទីដើម្បីធ្វើការកែច្នៃសាកល្បងប្រមាណចំនួន ១៥០តោន។ ទទួលបានទុនវិនិយោគពាណិជ្ជកម្មពីក្រុមហ៊ុន បានចរចារទិញគ្រាប់ស្វាយចន្ទីតាមការចរចារតម្លៃលើប្រភេទ និងគុណភាពតាមទីផ្សារជាក់ស្តែងប្រមាណ ២០ ម៉ឺនដុល្លាក្នុងឆ្នាំ២០២០។ ឆ្នាំ២០២១ នេះសិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទីចំនូន ១ ០០០ តោនពីកសិករ ដែលក្នុងនោះក៏នឹងសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីសរីរាង្គចំនួន ៣០តោនដែលទទួលទិញពីសហគមន៍ផលិតគ្រាប់ស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។
ទិសដៅអនាគត TPJ សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្មនឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី។ បង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន ២០តោន/ខែ។ បង្កើនបរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន១០០០តោន ក្នុងឆ្នាំ ២០២១ និងកើនឡើងបន្តបន្ទាប់។ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច ៥ ០០០តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅឆ្នាំ២០២៣ ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ ២ ០០០-៣ ០០០តោន/ឆ្នាំ។