កាលពីថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានជួបពិភាក្សាការងារជាមួយតំណាងមូលនិធិសាកលសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ ឯកឧត្តមប្រតិភូ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ IFAD ដែលបានផ្តល់ថវិកា តាមរយៈគម្រោង ASPIRE លើការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិកម្ម ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារកសិផល ដោយរាប់ចាប់តាំងពីការផលិត រហូតដល់ទីផ្សារ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមប្រតិភូ បានសំណូមពរឱ្យតំណាង IFAD ផ្តល់ថវិកាបន្ថែមដើម្បីអនុវត្តសកម្មភាពក្រោមក្របខណ្ឌអគ្គនាយកដ្ឋានកសិកម្ម និងដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃទីផ្សារកសិផលឱ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងសំណូមពរខាងលើ តំណាង IFAD ស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម រៀបចំអត្ថបទសង្ខេបមួយដែលរៀបរាប់អំពីបច្ចេកទេស/គំនិតច្នៃប្រឌិតថ្មី ការកែលម្អបច្ចេកទេស/គំនិតច្នៃប្រឌិតថ្មីនេះឱ្យកាន់តែប្រសើរឡើង និងផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ បន្ថែមពីនេះ តំណាង IFAD បានលើកឡើងថា អគ្គនាយកដ្ឋានកសិកម្ម អាចស្នើសុំថវិកាតាមរយៈគម្រោង SAMBAT ដែលទើបនឹងផ្តួចផ្តើមបង្កើតថ្មី ហើយនឹងត្រូវអនុវត្តនៅមុនដំណាច់ឆ្នាំ២០១៩ នេះ។ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រនេះ និងបានស្នើឱ្យសហការីដែលមកពីនាយកដ្ឋានជំនាញរៀបចំឯកសារទស្សនទានដើម្បីស្នើសុំថវិកា និងត្រូវដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង។