អង្ករនាងអំ គឺជាអង្ករមួយប្រភេទដែលស្រាវជ្រាវរកឃើញដោយប្រជាពលរដ្ឋក្នុងខេត្តក្រចេះផ្ទាល់ក្នុងអំឡុងទសវត្សរ៍ទី៨០ ដែលមានក្លិនក្រអូបប្រហើរនិងមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានាទៀតផង។
នាងអំ ដែលបច្ចុប្បន្នក្លាយជាយាយអំ ក្នុងជន្មាយុ ៨៤ឆ្នាំ បានរៀបរាប់ដោយសម្ដីញ័រៗនៅលើផ្ទះរបស់ចៅឲ្យដឹងពីប្រវត្តិខ្លះៗរបស់អង្ករនាងអំនេះថា ពេលចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃមក លោកយាយបានប្រកបរបរធ្វើស្រែចម្ការដូចគេដូចឯងនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
នៅថ្ងៃមួយនាសម័យគេកាប់ដឹកជញ្ជូនឈើជាច្រើនក្នុងទសវត្សរ៍ប្រមាណជាទី៨០ ក្រោយការប្រមូលផលស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បានឃើញស្រូវមួយគុម្ពនៅជាយចម្ការដោយមានគ្រាប់ប្លែកពីស្រូវដែលបានច្រូតហើយ ហើយក៏បូតយកគ្រាប់ស្រូវនោះបានប្រមាណមួយទូកដៃ ខ្ចប់នឹងក្រណាត់តូចយ៉ាងស្អាតយកទៅរក្សាទុក។ លុះដល់រដូវសាបព្រោះក៏យកទៅដាំដុះលើដីដាច់ដោយឡែក ក្រោយមកប្រមូលផលបានប្រមាណមួយល្អីតូច ហើយក៏សាបព្រោះបន្តទៀតដោយការដណ្តាំបាយសាកល្បង ឃើញថាពូជស្រូវនេះមានរសជាតិឆ្ងាញ់ហើយក្រអូបទៀត។
យាយអំបានមានប្រសាសន៍ថា ៖ «...ស្រូវខ្ញុំច្រូតអស់មួយសាហើយ ដល់ខ្ញុំទៅឃើញមួយគុម្ព ៤-៥កួរ ខ្ញុំទៅឃើញទៅ ខ្ញុំថា យី!ស្រូវនេះល្អណាស់ ទុកពូជ! យកទៅសាប សាបរួចយកទៅស្ទូង ច្រូតបានមួយល្អី...»។
យាយអំតាំងពីថ្ងៃនោះមកក៏ផ្សព្វផ្សាយដោយខ្លួនឯងផ្ទាល់ ដោយចែករំលែកពូជជូនអ្នកស្រុកម្នាក់បន្តិចៗឲ្យធ្វើការសាកល្បង ដែលរហូតប្រមាណ ១០ឆ្នាំក្រោយមក អង្ករនាងអំត្រូវបានទទួលស្គាល់ស្ទើរគ្រប់មជ្ឈដ្ឋានក្នុងឃុំ ហើយក៏ល្បីសាយភាយមកដល់ទីរួមខេត្តទៀត ដែលមកទល់ពេលនេះលោកយាយចង់ឲ្យកូនចៅបន្តពូជស្រូវនេះដោយបន្សុទ្ធពូជឲ្យបានល្អកុំឲ្យបាត់គុណភាពដើមដែលគេបានយកឈ្មោះលោកយាយទៅដាក់ជាសម្គាល់ពូជនោះ។
យាយអំបានបញ្ជាក់ថា ៖ «យើងដាស់តឿនកូនចៅដាក់(ឈ្មោះ)ហ្នឹង ថាបើគេដាក់ រើសឲ្យសុទ្ធ រើសឲ្យល្អណា៎! មិនដឹងដាក់ថាម៉េច? មិនដឹងដាក់ថា យាយ មិនដឹងដាក់ថា នាង បើនាងក៏មិនខុសអីដែរ!»។
ក្នុងការបន្សុទ្ធពូជត្រូវបានអ្នកស្រី សារ៉ែម ចៅស្រីប្រសារបស់យាយអំ បញ្ជាក់ថា ស្រូវនាងអំសុទ្ធមិនត្រឹមតែក្រអូបជាអង្ករទេ គឺក្រអូបទាំងពីដើមទៀតផង ៖ «បានប្រហែលជាមួយចង្អុលដៃហ្នឹងមានក្លិនហើយ ក្លិនឈ្ងុយក្រអូបតែម្ដង ដុះចេញកាលណាមកគឺក្រអូបអ៊ីចឹងតែម្ដង។ ដូចថា យើងដើរតាមភ្លឺស្រែ បើពេលវាចេញផ្កាចេញអីមក ផើមអីមក គឺធុំក្លិនភាយអ៊ីចឹងតែម្ដង។ យើងសម្លឹងមើល កន្លែងហ្នឹងមានដាក់ស្រូវយាយហើយ! ដល់មើលទៅឃើញមែន អ៊ីចឹងមានតែស្រូវយាយដែលមានក្លិនតាំងពីដុះរហូតមក...»។
អ្នកស្រីបញ្ជាក់បន្ថែមថា មានអ្នកក្រៅស្រុកនិងតាមខេត្តមួយចំនួនបានសាកល្បងយកពូជនេះទៅផលិត តែពុំទទួលស្គាល់លទ្ធផលដូចការអះអាងនោះឡើយ ដែលអ្នកស្រី សារ៉ែម អះអាងថា ពូជស្រូវនេះបើប្រើជីគីមីវានឹងបាត់គុណភាពហើយ។
អ្នកស្រី សារ៉ែម បានឲ្យដឹងថា ៖ «ផលគួរសមដែរ ខ្ញុំដាក់រាល់ឆ្នាំ ដាក់ជីអាចម៍គោគឺល្អតែម្ដង។ បងប្អូនខាងម៉ែខ្ញុំហ្នឹងគាត់យកទៅក្រោម គាត់សាកល្បងមើល ខាងកំពត ខាងតាកែវហ្នឹង គេថា ទៅដល់ហ្នឹងគេប្រើជីគីមី ដល់រួចទៅគេថា ស្រូវហ្នឹងអត់ក្រអូបទេ គេថាភូត បាត់ក្លិនហើយរឹងទៀត គេថាអត់ក្រអូបផង។ គាត់ធ្លាប់ហូបបាយនៅហ្នឹងឆ្ងាញ់ គាត់ថា ឆ្ងាញ់ណាស់សុំពូជយកទៅ...»។
លោក ហ៊ុំ សាគុណ តំណាងអង្គការអភិវឌ្ឍន៍សហគមន៍ (CCD) បានសម្តែងកង្វល់ថា លោកបានសង្កេតឃើញថា ពូជស្រូវនាងអំនេះត្រូវបានឈ្មួញមួយចំនួនបានយកទៅលាយជាមួយអង្ករប្រភេទផ្សេងដើម្បីលក់ ហើយក៏មានយកស្រូវនេះទៅបង្កាត់ជាមួយស្រូវផ្សេងបង្កើតពូជថ្មីធ្វើឲ្យបាត់ក្លិនដើម បាត់គុណភាព និងបាត់ប្រភពទៀតផង។
លោក ហ៊ុំ សាគុណ បានថ្លែងថា ៖ «យើងបានសហការគ្នាជាមួយនឹងក្រុមការងារ ពិសេសជាងគេក្រុម PSDD ខេត្ត។ យើងមានបង្កើតក្រុមបន្សុទ្ធពូជ បានន័យថា យើងចង់រក្សាគុណតម្លៃវាឲ្យវានៅដដែល។ អ្វីដែលយើងព្រួយបារម្ភត្រង់ថា បើសិនជារដ្ឋាភិបាលឬក៏អាជ្ញាធរមិនបានយកចិត្តទុកដាក់គិតគូរអំពីសិទ្ធិ ខ្ញុំជឿជាក់ថា អាហ្នឹងវានឹងអាចបាត់បង់ ពីព្រោះឥឡូវគេបានយកពូជហ្នឹងមួយចំនួនទៅបង្កាត់ជាមួយនឹងពូជអីផ្សេងៗ វាទៅជាចេញមួយទៀត គឺរំដួល។ រំដួលចេញមកភ្លឺជាងហ្នឹង ល្អជាងហ្នឹង ក្លិនអីប្រហាក់ប្រហែលគ្នា។ ហ្នឹងដោយសារយើងអត់មានច្បាប់ដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធភាពក្នុងការរក្សាសិទ្ធិបញ្ញារបស់គាត់។ អ៊ីចឹងបើសិនជារដ្ឋាភិបាល ភ្នាក់ងាររដ្ឋ ឬជំនាញ ជួយអន្តរាគមន៍ទៅលើអង្គការដែលកំពុងធ្វើកិច្ចការហ្នឹង ខ្ញុំជឿជាក់ថា យាយអំ នឹងមានកេរ្តិ៍ឈ្មោះឡើងវិញ»។
សហគមន៍កសិកម្មដែលពង្រឹងដោយអង្គការ CCD កំពុងបន្សុទ្ធពូជអង្ករនាងអំនេះ ដោយធ្វើស្រែដាច់ដោយឡែក បានបញ្ជាក់ថា ស្រូវនាងអំដើមវាមានក្រវាត់ចិញ្ជៀនពណ៌ក្រហមនោះគឺសុទ្ធហើយ ប្រើជីធម្មជាតិទើបមានក្លិនក្រអូបហើយទន់ ឯទម្ងន់ក្នុង ១០០គីឡូក្រាម ធ្ងន់លើសពីអង្ករផ្សេងពី ៨គីឡូក្រាម ទៅ ១៥គីឡូក្រាម។
លោក លាង សេង អនុប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា មន្ទីរកសិកម្មកំពុងតែយកចិត្តទុកដាក់ការពារពូជនេះហើយ ដែលតាមលក្ខណៈពូជស្រូវនេះអាចមានពាក់ព័ន្ធទៅនឹងភូមិសាស្ត្រក្នុងការដាំដុះនិងការប្រើជីផងដែរ។
លោក លាង សេង បានអះអាងថា ៖ «ពាក់ព័ន្ធនឹងពូជនេះគឺគម្រោងក៏ដូចជាមន្ទីរកសិកម្មបានគិតគូរសម្រាប់គាត់ហើយ គឺថា យើងមានក្រុមដើម្បីបន្សុទ្ធពូជ ហើយនៅខែ១នេះ យើងនឹងអញ្ជើញឯកឧត្ដមអភិបាលខេត្តដើម្បីធ្វើការប្រគល់ថវិកាមួយចំនួននិងសម្ភារៈដើម្បីជូនសហគមន៍ហ្នឹង។ មន្ទីរកសិកម្មបានគិតគូរហើយ បូកនឹងអង្គការដើម្បីធ្វើការផលិតពូជ ធ្វើការសហការគ្នាទៅជួយស្រូវនាងអំនៅក្នុងភូមិហ្នឹង។ ទី១ ឲ្យបានស្រូវហ្នឹងក្លាយជាស្រូវសរីរាង្គ ជាស្រូវដែលគ្មានជាតិគីមី ទី២ ពូជយើងព្យាយាមធ្វើម៉េចកុំឲ្យវាក្លាយច្រើន ហើយឈានទៅដល់ការសម្រិតពូជឲ្យគាត់ទទួលបាននៅក្នុងឆ្នាំក្រោយ»។
យាយអំមានកូន ៧នាក់ សុទ្ធតែប្រុស ដែលបច្ចុប្បន្ននៅរស់តែកូនច្បងម្នាក់គត់ ដែលមានអាយុ ៦០ឆ្នាំហើយ ហើយកំពុងបន្សុទ្ធពូជនាងអំនេះដោយរួមទាំងបណ្តាញសហគមន៍សហការជាមួយជំនាញកសិកម្មផងដែរ៕