នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម នៅខេត្តកំពង់ចាម។
វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ហេង វណ្ណី អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម, លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុប១៦១នាក់។
នាឱកាសនោះ ឯកឧត្តម ឡោ រស្មី បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងអនុវត្តលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសុវត្ថិភាពទាំងអាជីវករ និងកសិករ ប្រកបដោយភាតរភាពបរិស្ថាន។
ឯកឧត្តមសង្កត់ធ្ងន់ដល់សិក្ខាកាម ត្រូវសហការជាមួយអង្គភាពជំនាញ ណែនាំដល់ប្រជាកសិករក្នុងគោលដៅធានាគុណភាពផលិតផលកសិកម្មសម្រាប់នាំចេញ ដើម្បីឆ្លើយតបទៅតាមបរិមាណនៃប្រទេសនាំចូល។ ទន្ទឹមនឹងនេះ សិក្ខាកាមទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ និងមនសិការវិជ្ជាជីវៈ៕