នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា (Establishment of smart production infrastructure of high quality and safe agro products in Cambodia) អមដោយ លោក សាយ តុម អនុប្រធានស្តីទីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ប្រធានសម្របសម្រួលគម្រោង បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេសក្រសួងកសិកម្ម និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm សហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ស្ថិតនៅស្ថានីយពិសោធន៍ដំណាំហូបផ្លែនិងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
គោលបំណងសំខាន់ៗ ក្នុងជំនួបពិភាក្សា ដើម្បីពិនិត្យវាយតម្លៃលើសម្ថតភាពរបស់មន្រ្ដីដែលកំពុងបំរើការនៅមជ្ឈមណ្ឌល និងពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងប្រសិទ្ធភាពនៃបច្ចេកទេសផ្ទះសំណាញ់លើប្រភេទដំណាំច្រើនប្រភេទ បញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុននេះ ហើយនឹងប្រគល់ជូនមកក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
ឯកឧត្ដម បានផ្ដល់អនុសាន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាមន្រ្ដីប្រចាំការដែលកំពុងបម្រើការ និងសហការជាមួយគម្រោង Smart Farm នេះ ត្រូវខិតខំទទួលយកចំណេះចំនាញពីអ្នកជំនាញកូរ៉េ មុនគម្រោងបញ្ចប់ ក្នុងនោះរួមមាន: ការដំណើរប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុកជំនួសឲ្យធាតុចូលកសិកម្មនាំចូលពីបរទេស (ជី ថ្នាំ ពូជ....) និងការពង្រឹងសម្ថតភាពពង្រីកទីផ្សារកំពុងមានស្រាប់ដោយសហការជាមួយភាគីកូរ៉េ។
បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បានបន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលាដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ ប៉ុន្ដែនៅមិនទាន់ស្របតាមលក្ខខ័ណក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ពិសេសថ្លៃដើមវិនិយោគខ្ពស់ ដែលត្រូវការថ្លៃដើមផលិតខ្ពស់ ដែលកសិករភាគច្រើន នៅមិនទាន់ទទួលយកបាននៅឡើយ។