ក្រោយពីឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកដល់ខេត្តស្ទឹងត្រែងប្រកបដោយសុវត្ថិភាពរួចមក នៅវេលារសៀលថ្ងៃដដែល នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជំវិញខេត្តក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពលើការងារបង្ករបង្កើនផល និងស្ថានភាពផលប៉ះពាល់ ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ទន្លេមេគង្គ លើផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ ដើម្បីរួមគ្នាពិនិត្យពិចារណាលើលទ្ធភាពនៃការបែងចែកពូជស្រូវ និងពូជដំណាំជូនប្រជាកសិករដែលរងគ្រោះ។
បន្ទាប់ពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានធ្វើការរាយការណ៍អំពីសកម្មភាព និងស្ថានភាពបង្ករបង្កើនផល ក៏ដូចជាផលប៉ះពាល់នៃគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងរួមមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធិផលនានាដែលខេត្តស្ទឹងត្រែងសម្រេចបានកន្លងមក។ ចំពោះផលប៉ះពាល់ ខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់លើផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំជ្រាបថា ក្រសួងបានត្រៀមដឹកជញ្ជូ ស្រូវពូជចំនួន ៨០តោនដែលមានក្នុងសន្និធិកដើម្បីជួយស្តារស្ថានភាពជូនប្រជា កសិករជាង ១ពាន់គ្រួសារ លើផ្ទៃដីប្រមាណជា ១,៤ពាន់ហត។ ដោយឡែកពាក់ព័ន្ធទៅនឹងការងារមួយចំនួនទៀតអង្គប្រជុំបានសម្រេចថា នឹងរៀបចំរបាយការណ៍លំអិតដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច។