នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង ដែលមានទីតាំងស្ថិតនៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពារមក៍ ខេត្តព្រៃវែង។
បន្ទាប់ពីដំណើរចុះពិនិត្យនៅមជ្ឈមណ្ឌលខាងលើរួចហើយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តដំណើរទៅសហគមន៍បាភ្នំមានជ័យ ជាសហគមន៍ផលិតស្រូវពូជធំមួយផ្សេងទៀត ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលក្នុងគោលបំណងដើម្បីជជែកពិភាក្សា ពីការសហការគ្នាក្នុងការសម្ងួត-សម្អាតស្រូវពូជ ជាមួយស្ថានីយព្រៃកណ្តៀង។
ជាលទ្ធផលនៃការពិភាក្សា សហគមន៍បាភ្នំមានជ័យ នឹងរៀបចំពិភាក្សាការងារផ្ទៃក្នុងដើម្បីសហការជាមួយនឹងស្ថានីយព្រៃកណ្តៀង ដែលតាមការគ្រោងទុកនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខត្រូវប្រមូលផលពូជស្រូវផ្ការំដួលលើផ្ទៃដីចំនួន១៨ហិកតា ទិន្នផលរំពឹងទុកចំនួនប្រមាណ៣០តោន។ ចំណែកនៅខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៥ និងផលិតពូជOM៥៤៥១ នៅលើផ្ទៃដីចំនួន៨៥ហិកតា ទិន្នផលរំពឹងទុកប្រមាណ ៦០០តោន ចំណែកពូជTR៥០៤ លើផ្ទៃដី០៧ហិកតា ទិន្នផលរំពឹងទុកមានប្រមាណ៤០តោន៕