នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃការងារអនុវត្តគម្រោងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍបារាំង និងពិភាក្សាពីសក្តានុពលក្នុងការសហការអនុវត្តគម្រោងនាពេលអនាគតបន្ថែមទៀត ជាពិសេសទិសដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង និងទីភ្នាក់ងារអភិវឌ្ឍបារាំងដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងវិស័យនានានៅកម្ពុជា ជាពិសេសវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជានៅតែបន្តរក្សាកំណើនបានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ក្នុងនោះទីភ្នាក់ងារអភិវឌ្ឍបារាំងជាដៃគូដ៏សំខាន់មួយ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តគម្រោង និងកម្មវិធីចំនួនពីរ ក្រោមហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំង សហការជាមួយដៃគូដទៃទៀតរួមមាន គម្រោងពង្រឹងសុវត្ថិភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និង កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរនៃក្សេត្របរិស្ថាននៅកម្ពុជា ហើយគម្រោង និងកម្មវិធីទាំងពីរបាននិងកំពុងតែដំណើរការបានល្អ ហើយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនជីវភាពកសិករ តាមរយៈការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះមន្រ្តីជំនាញរបស់ក្រសួង ក៏បាននឹងកំពុងសហការជាមួយជំនាញការដែលបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍបារាំងក្នុងការរៀបចំ និងសិក្សានូវគម្រោង និងកម្មវិធីថ្មី២ទៀត ដូចជា កម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មពឹងផ្អែកលើទឹកភ្លៀងនៅកម្ពុជា និងគម្រោងនិរន្តភាពនេសាទសមុទ្រ និងតំបន់ឆ្នេរ ដែលគម្រោង និងកម្មវិធីនេះត្រូវបានរំពឹងថានឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមផលិតផលកសិកម្ម បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដោយអនុវត្តនូវកសិកម្មវ័យឆ្លាតនិងកសិកម្មអភិរក្ស បង្កើនភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលដល់កសិករ និងប្រជានេសាទ និងទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃ។ លោក Yazid BENSAID បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាទីភ្នាក់ងារអភិវឌ្ឍបារាំងបានពិនិត្យឃើញ បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលសកលលោកកំពុងយកចិត្តទុកដាក់ ក្នុងនោះកម្ពុជាក៏ត្រូវបានពិនិត្យឃើញថាជាប្រទេសមួយដែលកំពុងរងសម្ពាធពីការប្រែប្រួលអាកាសធាតុ ជាពិសេស បញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ កត្តាគ្រោះធម្មជាតិនេះបានបង្កហានិភ័យចំពោះវិស័យកសិកម្ម ដែលទាមទារអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ និងបង្កើនភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Yazid បានបន្ថែមទីភ្នាក់ងារនឹងបន្តកិច្ចសហការអោយបានល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញកិច្ចការនេះបន្ថែមទៀត ដោយយកចិត្តទុកដាក់លើវិធានការជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់លោក Yazid និងសហការីទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងប្រកបដោយផ្លែផ្កាផងដែរ។