ឈានចូលដល់កម្មវិធីទី២ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន ២៩,២តោន និងគ្រឿងឧបភោគ បរិភោគមួយ ចំនួនទៀតមកចែកជូនប្រជាកសិករចំនួន ៣០៩គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់។ ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបថាឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងស្រុកចំនួន ៤ ឃុំចំនួន ៣៤ ភូមិចំនួន ២៩៥ និងមាន ១៨ ៧៥៨ គ្រួសាររងផលប៉ះពាល់។ គិតមកដល់ថ្ងៃទី២៨ ដំណាំស្រូវរងនូវផលប៉ះពាល់សរុបមានចំនួន ៣៦ ០៦៩ហ.ត មានស្រូវ ស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ហើយក្នុងនោះផ្ទៃដីដំណាំស្រូវខូចខាតសរុបមានចំនួន ២០ ៤១២ហ.ត។ ចំពោះដំណាំរួមផ្សំ មានផ្ទៃដីប៉ះពាល់សរុបចំនួន ១០ ១០៧ហ.ត ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ២ ៥១៤ហ.ត។
មានចំណាប់អារម្មណ៍នាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានសម្តែងការ ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកបាកាន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមថានឹងខិតខំយកអស់កំលាំងកាយចិត្ត ចូលរួមស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋឡើងវិញឲ្យបានឆាប់ ក្រោយ ពេលទឹកស្រកចុះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះឯកឧត្តមបាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកបាកានផ្ទាល់តែម្តង។
មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តពោធិ៍សាត់ ហើយសម្តេចក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើក ទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ទទួលបានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ព្រឹកនេះលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចជោ នូវពូជស្រូវ កូនត្រីអណ្តែង និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកក្រុមអន្តរាគមន៍ភ្ជួររាស់ និងម៉ាស៊ីនព្រោះគ្រាប់ស្រូវ មកជួយស្តារដំណាំស្រូវជូនបងប្អូនកសិករឡើងវិញផងដែរ។ ភ្ជាប់ទៅនឹងម៉ាស៊ីនព្រោះគ្រាប់ស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានជួយឧបត្ថម្ភម៉ាស៊ីនព្ថោះស្រូវចំនួន ១៥០គ្រឿងបន្ថែមទៀត និងលើកមុនចំនួន ១៣០គ្រឿង សម្រាប់យកមកជួយសហគមន៍កសិកម្មនៅខេត្តគោលដៅទាំង៣ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោពិ៍សាត់។ ផែនការចំពោះមុខ ក្រោយពេលទឹកស្រក ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាកសិករចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលាជាគ្រាប់ពូជ គ្រឿងចក្រ បច្ចេកទេស និងធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ គិតជាទឹកប្រាក់ចំនួន ២២ ៦២០ដុល្លារ។ កាយវិការសប្បុរសធម៌គឺជាសន្តានចិត្តជួយចែករំលែកសុខទុក្ខ និងស្មារតីសាមគ្គីភាពដ៏ប្រពៃ និងសហការជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាល:ទេស:ក្នុងគ្រាលំបាក។
អំណោយសម្រាប់កម្មវិធីទី២៖ ក្នុងចំណោម ៣០៩ គ្រួសារ មាន ២៧១គ្រួសារទទួលបានពូជស្រូវ ១០០គ.ក្រ/គ្រួសារ និង ៣៨ គ្រួសារទៀតទទួលបាន ៥០គ.ក្រ/គ្រួសារ (ទៅតាមទំហំដី)។ ក្រៅពីពូជស្រូវ ទាំង ៣០៩គ្រួសារ គ្រួសារនីមួយៗទទួលបានអង្គរ ២៥គ.ក្រ សាច់ក្រក ១គ.ក្រ មី ១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ។