នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសានេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កសិដ្ឋានដាំបន្លែជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល។ បច្ចុប្បន្នសកម្មភាពនៃការដាំដុះបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានសង្ឃឹមថាផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលវិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលាន យន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរណ៍បានរាប់លាននាក់។ សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរនាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ល។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថានឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។ លោកបានបញ្ជាក់ថាយោង តាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣១ ខែមីនា នៅទីស្តីការក្រសួងទេសចរណ៍ ស្តីពី "ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) " ដែលឯកឧត្តមរដ្ឋមន្រ្តីជាអនុប្រធាន បានជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ដោយឡែក កសិទេសចរណ៍ ក៏បានបញ្ចូលទៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នោះផងដែរ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់កសិដ្ឋានត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្ត សៀមរាបនាពេលអនាគតដ៏ខ្លី។ ការងារនេះ លោកបានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជួយសហការរៀបចំឯកសារគតិយុត្តមួយចំនួនទាក់ទងការចុះបញ្ជីសហគមន៍កសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសទាំងដំណាំ ត្រី និងផ្លែឈើបន្ថែម ដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ក្រោយពេលរាជរដ្ឋាភិបាលបើកប្រទេសយើងឡើងវិញ។