កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបធ្វើសវនាការជាមួយ ឯកឧត្តម PROCESO “PROCY” J.ALCALA លេខាធិការនៃនាយកដ្ឋានកសិកម្ម និងសហការី នៃសាធារណរដ្ឋហ្វីលីពីន។គោលបំណងនៃជំនួបពិភាក្សានេះគឺទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម ទី២ ពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាង និងកំណត់ពេលវេលាសមស្របណាមួយដើម្បីចុះហត្ថលេខា MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋហ្វីលីពីន។ទាក់ទងនឹងសេចក្តីព្រាង MOU នេះឯកឧត្តម PROCESO “PROCY” J.ALCALA បានស្នើរឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបន្តពិភាក្សាលើចំនុចសំខាន់ៗមួយចំនួនធ្វើយ៉ាងណាឱ្យខ្លឹមសារជារួមទាំងលក្ខណៈបច្ចេកទេស និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរដើម្បីឈានដល់ការចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ AMAF នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៥នេះ។ ឆ្លើយតបទៅនឹងសំណើររបស់ឯកឧត្តម PROCESO “PROCY” J.ALCALA ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថាភាគីកម្ពុជាបានពិនិត្យនិងកែសម្រួលលើចំនុចសំខាន់មួយចំនួន ហើយភាគីកម្ពុជានឹងទន្ទឹងរង់ចាំចុះហត្ថលេខានាពេលឆាប់ខាងមុខនេះ។ ឆ្លៀតឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវដោយសង្ខេបពីការវិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាដោយបានគូសបញ្ជាក់ថាបច្ចុប្បន្នវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាសន្តិសុខស្បៀងដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងបានកំណត់យ៉ាងច្បាស់អំពីការលើកកម្ពស់ផលិតភាពពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពីការបង្កើនផលិតភាពផលិតស្រូវឱ្យបាន៤លានតោន ជំរុញការនាំអង្ករចេញឱ្យបាន១លានតោន និងត្រូវធ្វើយ៉ាងណាឱ្យទីផ្សារអន្តរជាតិទទួលស្គាល់គុណភាពអង្ករកម្ពុជា។ ក្រៅពីផលិតកម្មស្រូវ វិស័យវារីវប្បកម្ម និងផលិតកម្មសត្វក៏ជាវិស័យអាទិភាពមួយក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមជនបទផងដែរ។ បច្ចុប្បន្នកម្ពុជាកំពុងតែទទួលយកបច្ចេកវិទ្យាទំនើបៗមកអនុវត្តក្នុងវិស័យកសិកម្មដូចជាការប្រើប្រាស់គ្រឿងយន្តកសិកម្ម បច្ចេកទេសដាំដុះ ការជ្រើសរើសពូជ និងការថែរក្សា។ល។
តែទោះយ៉ាងណាទិន្នផលដែលយើងទទួលបាននៅទាបប្រមាណជា ២ទៅ៣តោនក្នុង១ហិកតាចំពោះដំណាំស្រូវបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ នៅតាមតំបន់ខ្លះកសិករអាចធ្វើបាន ២-៣ ដងក្នុងមួយរដូវ។ ក្រៅពីដំណាំស្រូវកម្ពុជានៅមានដំណាំកសិឧស្សាហកម្មមួយចំនួនទៀតដូចជា ពោត សណ្តែក ដំឡូងមី កៅស៊ូ ម្រេច ផលិតកម្មសត្វ និងផលនេសាទទាំងទឹកសាប និងនេសាទសាមុទ្រ និងជាពិសេសព្រៃឈើដែលបច្ចុប្បន្នផ្ទៃដីប្រមាណជា៦០ភាគរយគ្របដណ្តប់ដោយព្រៃឈើ ប្រជាសហគមន៍បាន និងកំពុងទាញយកប្រយោជន៍ពីផល និងអនុផលព្រៃឈើនេះ។ ចំពោះដំណាំកៅស៊ូយើងមានជាលក្ខណៈគ្រួសារ និងកៅស៊ូក្រុមហ៊ុនភាគច្រើនបានដាំលើដីសម្បទានសេដ្ឋកិច្ចដែលមានផ្ទៃដីប្រមាណ ៣៥ម៉ឺនហិកតាក្រៅពីកៅស៊ូកម្ពុជាបាន និងកំពុងផលិត និងនាំចេញស្កសរផងដែរ។ ទាក់ទងនឹងវិស័យព្រៃឈើរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាំឈើឡើងវិញថែរក្សា និងអភិរក្សសម្រាប់ជាគម្របព្រៃឈើ និងការថែរក្សាបានបរិស្ថានធម្មជាតិល្អសម្រាប់កូនចៅជំនាន់ក្រោយ។ ចំណែកវិស័យជលផលកម្ពុជាមានទន្លេសាបដែលផ្តល់ផលប្រមាណ៥សែនតោនក្នុងមួយឆ្នាំៗ ហើយផលនេះបានជួយសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិយ៉ាងច្រើន។ រដ្ឋាភិបាលបានកំណត់គោលនយោបាយក្នុងវិស័យវារីវប្បកម្មក្នុងគោលបំណងធ្វើយ៉ាងណាផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការដែលចំនួនអ្នកបរិភោគចេះតែកើនឡើងជាលំដាប់ និងជាពិសេសដើម្បីកាត់បន្ថយការនេសាទធម្មជាតិពីស្ទឹង បឹង ទន្លេ ដើម្បីថែរក្សាការពារ និងអភិរក្សពូជត្រីដែលហៀបនឹងវិនាស។ ទាក់ទងនឹងបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីហ្វីលីពីនពិនិត្យលទ្ធភាពកៀងគរអ្នកវិនិយោគលើវិស័យវារីវប្បកម្ម និងកែច្នៃផលនេសាទសមុទ្រជាពិសេសស្នើសុំកិច្ចសហការលើការងារបច្ចេកទេសផ្ទាល់តែម្តង។
ភាគីហ្វីលីពីនជាបឋមបានស្វាគមន៍ចំពោះកម្ពុជាដែលបានជាប់លេខ១ចំពោះគុណភាពអង្ករល្អជាងគេនៅទូទាំងពិភពលោកពីរឆ្នាំជាប់គ្នានេះជាមោទនភាពរបស់រដ្ឋាភិបាលក៏ដូចប្រជាជនកម្ពុជាផងដែរ។ ចំពោះវិស័យផ្សេងទៀតដែលភាគីកម្ពុជាបានលើកឡើង ឯកឧត្តមប្រតិភូនឹងយកទៅពិភាក្សាដាក់ចូលនៅក្នុងសេចក្តីព្រាង MOU រវាងក្រសួងទាំងពីរ។ ក្រៅពីនេះក្នុងនាមក្រសួងកសិកម្មហ្វីលីពីនឯកឧត្តមនឹងផ្តល់មតិជូនដល់រាជរដ្ឋាភិបាលហ្វីលីពីនក្នុងការពិចារណាពិនិត្យលទ្ធភាពនាំចូលអង្ករពីព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ កិច្ចសវនាការ និងជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់៕