នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍បាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូង និងរុយស បង្ហាញប្រជាកសិករនៅស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ និងសហការី រួមទាំងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្ត្មនិងក្រុមការងារ បានណែនាំដល់ប្រជាកសិករដែលរងផលប៉ះពាល់ពីការរាតត្បាតរបស់ដង្កូវហ្វូងនិងដង្កូវរមូរស្លឹក អំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងវិធានការការពារ កម្ចាត់ដង្កូវហ្វូង និងដង្កូវរមូរស្លឹកឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តមក៏បានអំពាវនាវទៅដល់កសិករទាំងអស់ ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ការរាលដាលនៃពពួកដង្កូវហ្វូងនិងដង្កូវមូរស្លឹកនៅតែមាន មិនទាន់អស់នៅឡើយ។ បើសិនជាប្រជាកសិករយឺតយ៉ាវ មិនបានចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូង និងដង្កូវមូរស្លឹកនោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេលដ៏ខ្លី។
ឯកឧត្តមបញ្ជាក់ថា បើប្រជាកសិករជួបប្រទះនឹងដង្កូវ និងដង្កូវមូរស្លឹក បំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវហ្វូង និងដង្កូវមូរស្លឹក។
បន្ថែមពីនេះ ឯកឧត្តម បានប្រគល់ថ្នាំសម្រាប់កម្ចាត់រុយស និងដង្កូវមូរស្លឹកចំនួន ១០ហិកតា និងឯកសារណែនាំពីវិធានការការពារ និងកម្ចាត់រុយស និងដង្កូវមូរស្លឹក និងឯកសារណែនាំពីបច្ចេកទេស ការប្រើប្រាស់ថ្នាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ សម្រាប់បង្ហាញដល់កសិករនៅក្នុងតំបន់ដែលរងការរាតត្បាតពពួកសមាសភាពចង្រៃទាំងនេះថែមទៀតផង៕