នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារកាំប៉ូឌីយាណា រាជធានីភ្នំពេញ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាពិភាក្សាការវិនិយោគលើ វិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើធាតុចូលសម្រាប់ច្បាប់ស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា និង យន្តការដោះស្រាយវិវាទដែលជួយដល់កសិករខ្នាតតូច ដែលរៀបចំដោយអង្គការអុកស្វាម និងសមាជិកសម័ន្ពដើម្បីការវិនិយោគកសិ-ឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវ។ វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធរួមមាន កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុនឯកជន អ្នកសិក្សាស្រាវជ្រាវ និងរាជរដ្ឋាភិបាល ពិភាក្សាអំពីធាតុសំខាន់ៗ ដើម្បីធានាផលិតកម្មកសិកម្មតាមកិច្ចសន្យា អោយមានប្រសិទ្ធិភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។