ប្តូរពូជស្រូវធ្ងន់ មកប្រើពូជស្រូវស្រាលវិញ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្នុងឱកាសចុះទៅពិនិត្យ សំណាប និងសន្ទូងដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួត និងជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន១៥០ នាក់ នៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស កាលពីថ្ងៃទី០៩ ខែកញ្ញា ដោមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួនទៀត។
ក្រោយបានស្តាប់របាយការណ៍ពីលោកអភិបាលស្រុក លោកប្រធានមន្ទីរកសិកម្មអំពីសកម្មភាពការងារបង្កបង្កើនផល និងបញ្ហាគ្រោះរាំងស្ងួតរួចមក លោក អ៊ុក ម៉ាការា នាយកវិទ្យស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានជម្រាបជូនប្រជាកសិករពីការប្រើប្រាស់ពូជ ស្រូវដែលកសិករកំពុងតែប្រើសព្វថ្ងៃ និងពូជទាំង១០ ដែលក្រសួងបានចេញឲ្យប្រើ។ ការប្រើពូជក៏ដូចច្នោះដែរត្រូវ សួរនាំមន្ត្រីជំនាញឲ្យបានច្បាស់មុនប្រើ ពីព្រោះកាលណាប្រើពូជស្រូវធ្ងន់ ជួបបញ្ហារាំងស្ងួត ហួសរដូវកាលលូតលាស់មិនបានផល ធ្វើទៅខាតពេលនិងថវិកា។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាកសិករជ្រាបថា ដោយតំបន់នេះខ្វះប្រភពទឹក ក្រុមប្រឹក្សាឃុំគួរគិតពិចារណាប្រើថវិកាសម្រាប់អភិវឌ្ឍន៍ផ្លូវលំតាមឃុំ បង្វែរថវិកានេះមកជីកស្រះ យកទឹកប្រើជាសាធារណ និងដោះស្រាយនៅពេលជួបគ្រោះរាំងស្ងួត ហើយបើមានប្រភពទឹកយើងអាចសាបសំណាបរួមបាន។
លោកបានសុំឲ្យប្រជាកសិករ កុំពឹងតែលើដំណាំស្រូវទាំងស្រុងពេក ពីព្រោះធ្វើស្រែតែមួយមុខមិនអាចធ្វើឲ្យជីវភាពរបស់បងប្អូនធូធារបានទេ ជាក់ស្តែងឆ្នាំនេះយើងជួបគ្រោះរាំងស្ងួតទៀត។ ដូច្នេះត្រូវនាំគ្នាដំណាំរួមផ្សំ ចិញ្ចឹមមាន់ ដែលអាចជួយសម្រួលជីវភាពក្នុងគ្រួសារបាន។
មានទឹកហើយនាំគ្នារួតរះដកស្ទូងឲ្យបានទាន់ពេលវេលា កុំបង្អែបង្អន់ក្រែងសំណាបចាស់អស់ស្ទូងទៅបានផល តិចតែបើសំណាបចាស់សុំចាប់ឲ្យធំៗព្រោះវាអស់ពេលបែកគុម្ភហើយ ស្ទូងរួចកុំដើរចោលស្រែ ត្រូវចុះមកមើលថែទាំងជាប់ជាប្រចាំ ក្នុងឱកាសនេះលោកបានជួយឧបត្ថម្ភពូជស្រូវអ៊ីអែរ ៦៦ ចំនួន ០៦ តោន ជូនដល់ប្រជាកសិករដែលសំណាបរបស់គាត់ងាប់អស់។