នៅវេលាម៉ោង ១៥:០០ នាទី នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី (១. ឯកឧត្ដម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ២. លោកជំទាវ ម៉ុម ថានី អនុរដ្ឋលេខាធិការ ៣. ឯកឧត្ដម ឡោ រស្មី អគ្គលេខាធិការ និង ៤. លោក មាស ពិសិដ្ឋ ប្រធាន នាយកដ្ឋានសហប្រតិបត្ដិការអន្ដរជាតិ) បានទទួលជួបលោក Eric Sidgwick នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី។
បន្ទាប់ពីឯកឧត្ដមរដ្ឋមន្ដ្រីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងណែនាំអំពីសមាសភាពមន្ដ្រីចូលរួមរួចមក លោក Eric Sidgwick បាន ៖
- ថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋមន្ដ្រី ចំពោះការអនុញ្ញាតឱ្យរូបគាត់ និងសហការីបានមកជួបសម្ដែងការគួរសម និងពិភាក្សាការងារ
- អបអរសាទរចំពោះការចូលកាន់ដំណែងថ្មីរបស់ឯកឧត្ដមរដ្ឋមន្ដ្រី
- ជម្រាបជូនអំពីការប្ដេជ្ញាចិត្ដ និងការគាំទ្រយ៉ាងខ្លាំង និងជាបន្ដបន្ទាប់របស់ ADB តាមរយៈការផ្ដល់ថវិកាកម្ចី និងអំណោយ សម្រាប់អនុវត្ដកម្មវិធី និងគម្រោងសហប្រតិបត្ដិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ADB នឹងបន្ដគាំទ្រថែមទៀត ដោយផ្អែកលើយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍ វិស័យកសិកម្ម ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំង ការ បង្កើនផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលនៅក្នុងនោះ មានការយកចិត្ដទុកដាក់ទៅលើការបង្កើន ផលិតភាព និងពិពិធកម្ម ព្រមទាំងការធ្វើពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម ដែលជាកត្ដាគន្លឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើនជីវភាពកសិករ និង ប្រជាពលរដ្ឋទូទៅ ។
- លើកឡើងអំពីការប្រែប្រួលសភាពការណ៍ផ្សេងៗ ជាពិសេសពីការធ្វើផលិតកម្មខ្នាតតូច ឬ ជាលក្ខណៈគ្រួសារ សម្រាប់តែចិញ្ចឹមជីវិត ទៅជាការផលិតជាប្រព័ន្ធ ដើម្បីធ្វើពាណិជ្ជកម្ម ព្រមទាំងផលប៉ះពាល់ផ្សេងៗដែលបង្ក ឡើងដោយការប្រែប្រួលអាកាសធាតុ ។ ADB បានសង្កេត និងយល់ច្បាស់អំពីការប្រែប្រួលនេះ ហើយបាន ពិចារណាអំពីការអនុវត្ដកម្មវិធីគាំទ្រឱ្យស្រប និងមានប្រសិទ្ធភាព ។ ជាក់ស្ដែង ADB បានពង្រីកតំបន់គោលដៅ ពីខេត្ដទាំងឡាយនៅជុំវិញបឹងទន្លេសាប មកអនុវត្ដសកម្មភាពនៅទូទាំងប្រទេស ហើយបានគាំទ្រកម្មវិធី Climate-Resilient Rice Commercialization Sector Development ដោយផ្ដោតជាពិសេសទៅលើ ការធ្វើឱ្យកសិករ និងអាជីវករបានទទួលតម្លៃបន្ថែម តាមរយៈការកែលម្អខ្សែសង្វាក់តម្លៃ និងការធ្វើឱ្យផលិត ផលកាន់តែមានគុណភាព ស្របនឹងតម្រូវការរបស់ទីផ្សារ ព្រមទាំងការធ្វើឱ្យមានឱកាសការងារកាន់តែច្រើន នៅក្នុងប្រទេស សំដៅជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ។ វិស័យឯកជននឹងផ្ដល់លទ្ធភាព ច្រើនដើម្បីចូលរួមនៅក្នុងកម្មវិធីនេះ ដោយសារតែគេមានភាពសមស្របច្រើនសម្រាប់កិច្ចការគ្រប់គ្រងស្រូវអង្ករ នៅក្រោយពេលប្រមូលផល ដូចជាការហាលសម្ងួត ការទុកដាក់ និងការ កិនស្រូវជាដើម ។
-លើកឡើងអំពីជោគជ័យដ៏ត្រចះត្រចង់ដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សម្រេចបានក្នុងការបង្កើនផលិតកម្មស្រូវ ដែលធ្វើឱ្យកម្ពុជាមាននៅសល់ស្រូវអង្ករយ៉ាងច្រើនសម្រាប់ នាំចេញ ដែលជាការរួមចំណែកដ៏ប្រសើរដល់ការពង្រឹងសន្ដិសុខស្បៀងរបស់ពិភពលោក ព្រមទាំងបានរួមចំណែក យ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ។ លោកមានបំណង និងស្នើសុំ់ឱ្យកម្ពុជាប្រើប្រាស់បទ ពិសោធន៍ល្អៗដែលទទួលបានទាំងឡាយ សម្រាប់អនុវត្ដជាមួយដំណាំ និងផលិតផលកសិកម្មផ្សេងទៀត ។
- លើកឡើងអំពីស្ថានភាពដ៏ប្រសើររបស់កម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការក្នុងមហាអនុតំបន់ទន្លេ មេគង្គ ។ កម្ពុជាបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសន្ដិសុខស្បៀង ការបន្ថែមតម្លៃដល់ផលិតផលកសិកម្ម ការ ថយចុះនៃភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសនានាក្នុងតំបន់នេះ ។ កិច្ចការទាំងអស់នេះចាំបាច់ត្រូវ តែបន្ដអនុវត្ដថែមទៀត ។ ADB ក៏តែងយកចិត្ដទុកដាក់ក្នុងការជួយគាំទ្រ ដើម្បីកែលម្អការប្រើប្រាស់ដីព្រៃ សម្រាប់សម្បទានដីសេដ្ឋកិច្ច ព្រមទាំងបានរួមចំណែកជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងពីការអនុវត្ដ គោលនយោបាយនេះ ។
- ជម្រាបជូនថាមានគម្រោងដែល ADB គាំទ្រ និងសហការអនុវត្ដ ចំនួន ៧ កំពុងដំណើរការ ។ គម្រោងមួយ ចំនួន ដូចជាគម្រោង Tunle Sap Poverty Reduction and Smallholder Development ជាដើម ត្រូវ បានចាប់ផ្ដើមអនុវត្ដយឺត ដោយមានបញ្ហាបច្ចេកទេសមួយចំនួន ។ ប៉ុន្ដែ បញ្ហាទាំងអស់នោះត្រូវបានដោះស្រាយ រួចរាល់ហើយ ។
- ស្នើសុំការគាំទ្រ និងការណែនាំជាបន្ដបន្ទាប់ពីឯកឧត្ដមរដ្ឋមន្ដ្រី ដើម្បីធ្វើឱ្យការអនុវត្ដគម្រោងសហប្រតិបត្ដិការ កាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យធំៗ និងច្រើនថែមទៀត ។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវសេចក្ដីរីករាយ និងការថ្លែងអំណរគុណជាខ្លាំងចំពោះការ គាំទ្រជាបន្ដបន្ទាប់របស់ ADB ក្នុងការធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិស័យ កសិកម្មជាវិស័យស្នូល សំដៅរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯក ឧត្ដមរដ្ឋមន្ដ្រីបានស្នើឱ្យ ADB បន្ដផ្ដល់កិច្ចសហប្រតិបត្ដិការ និងការគាំទ្រថែមទៀត ហើយគួរផ្ដោតការយកចិត្ដទុក ដាក់ផងដែរទៅលើផលិតផលផ្សេងទៀត ដែលកម្ពុជាមានសក្ដានុពល ដូចជាម្រេច ដូងប្រេង និងកៅស៊ូ ។ល។ ឯក ឧត្ដមរដ្ឋមន្ដ្រីក៏បានសម្ដែងនូវការយល់ស្របចំពោះការលើកឡើងទាំងឡាយខាងលើ ហើយបានអះអាងថានឹងយកចិត្ដ ទុកដាក់តាមដានការអនុវត្ដកម្មវិធី និងគម្រោងសហប្រតិបត្ដិការនានា ហើយព្យាយាមផ្ដល់ការគាំទ្រ និងកិច្ចសហការ ឱ្យអស់ពីលទ្ធភាព ។
ជំនួបពិភាក្សានេះត្រូវបានបញ្ចប់នៅម៉ោង ១៦:០០ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សហប្រតិបត្ទិការ និងទទួលខុសត្រូវខ្ពស់ ។