នៅព្រឹកថ្ងៃ ២០ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្កីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍លទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនរបស់មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផលសៀមរាប និងការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្នុងការខិតខំយកចិត្តទុកដាក់សហការបង្ក្រាបទប់ស្កាត់រាល់បទល្មើសព្រៃឈើ បទល្មើសជលផលដែលបានកើតមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត និង មន្ត្រីមន្ទីរកសិកម្មខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីរដ្ឋបាលជលផល ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ និងបំពេញភារកិច្ចបានល្អប្រសើរនិងទទួលជោគជ័យនាពេលកន្លងមក។ ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ ឯកឧត្ដមរដ្ឋមន្ត្រីនៅតែចាត់ទុកការងារមួយចំនួនថា នៅតែមានបញ្ហាប្រឈមដែលទាមទារឲ្យមានការយកចិត្តទុកដាក់អនុវត្តរួមគ្នា ជាពិសេសការអភិវឌ្ឍន៍វិស័យកសិកម្មកំពុងតែនៅទ្រឹងឈរនៅលើបន្ទាត់ក្រហមមួយដែលត្រូវការប្រុងប្រយត្ន័ខ្ពស់បំផុតទាមទារការដោះស្រាយនិងឆ្លើយតបចំពោះមុខនិងធ្វើការសិក្សាឲ្យដល់ឫសគល់ពីការរីកចម្រើនដោយដើរទន្ទឹមជាមួយនឹងកំណើនប្រជាជននិងកំណើនសេដ្ឋកិច្ចជាតិយើងនិងត្រូវកំណត់ផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំមានបញ្ហាប្រឈមអ្វីខ្លះដែលត្រូវគិតគូរនិងដោះស្រាយ ដើម្បីធ្វើកំណែទម្រង់ឲ្យទាន់សភាពការណ៍នៃការឈានឡើងនៃសេដ្ឋកិច្ច។