មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំណាំកាកាវ របស់ក្រុមហ៊ុន KAMKAV ស្ថិតនៅភូមិពោធិ៍ក្រូច ឃុំស្រែអំភូមិ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅបានឱ្យដឹងថាដោយពិនិត្យឃើញពីសក្តានុពលនៃទឹកដីខេត្តមណ្ឌលគីរី ក្រុមហ៊ុនបានដាក់ទុនជា ៣លានដុល្លារ វិនិយោគលើដំណាំកាកាវតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណង៣គឺ ១.ដាំដុះខ្លួនឯង ២.បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣.ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។ បច្ចប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំសរុបចំនួន ២៤ហត ហើយនៅឆ្នាំ២០១៨ ហើយផ្ទៃដី ៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន ២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី ២៥ហត ដោយសហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា រនិងផ្តល់បច្ចេកទេសបន្ថែម។ ជាមធ្យមកាកាវដាំបាន៣ឆ្នាំអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ ហើយការប្រមូលផលម្តងទទួលបាន ៣,៥-៤តោន/ហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង ២០០០ដុល្លារ/តោន ហើយមានតម្រូវការខ្ពស់។ លោកចាន ផុល បានសំណូមពរឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជួយគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគមន៍ក្នុងការដាំដំណាំកាកាវឱ្យទទួលបានជោគជ័យ ជាពិសេសជួយសម្រួលបែបបទនាំចេញផលិតផលកាកាវនាពេលអនាគត។
ជារួមឯកឧត្ដមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំអភិវឌ្ឍដំណាំកាកាវជា បន្តបន្ទាប់ដោយបានរៀបចំជាខ្សែច្រវាក់ផលិតកម្ម ដាំ វេចខ្ចប់ និងនាំចេញ ហើយសង្ឃឹមថាក្រុមហ៊ុននឹងអាចបង្កើនបរិមាណនាំចេញកាកាវទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេស និងច្បាប់ចុះមកជួយសហការរៀបចំចងក្រងសហគមន៍ផលិតឱ្យបានត្រឹមត្រូវ និងបង្កើនសេចក្តីទុកចិត្ត ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មកាកាវទាំងបរិមាណ និងគុណភាព។