នាថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអ្នកជំនាញការបច្ចេកទេសជាន់ខ្ពស់នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំការនៅនាយកដ្ឋាន បានរៀបចំពិធី “ប្រគល់ទទួលសម្ភារបរិក្ខាពិសោធ” ក្រោមអធិបតីយភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តិទៅនៅមន្ទីរពិសោធន៍ផលិតផល កសិកម្ម និងចំណីអាហារកម្ពុជានៃនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ឆ្លៀតក្នុងឳកាសនេះដែរលោកប្រធានក៏បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងតម្រង់ទិសរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ន មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា នៃនាយកដ្ឋានកសិ-ឧស្សាហកម្មនៃ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ឲ្យប្រើប្រាស់ ដើម្បីធ្វើការវិភាគគុណភាព និងសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្ម កសិ-ចំណីអាហារ ចេញវិញ្ញាបនប័ត្របញ្ជាក់ លទ្ធផលវិភាគ ធ្វើការបណ្ដុះបណ្ដាល ធនធានមនុស្ស កសាងសមត្ថភាពលើការវិភាគគុណភាព សហប្រតិបត្តិការស្រាវជ្រាវ លើគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម។ ជាចុងក្រោយលោកប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រលជ្រៅសម្រាប់ជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានជួយផ្តល់ជាសម្ភារបរិក្ខាពិសោធជូនដល់នាយកដ្ឋានកសិ-ឧស្សាហកម្ម។