នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ ស្ថិតនៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ក្នុងដំណាក់កាលស្រូវមូលដើម ផ្ទៃដីនេះនឹងរងខូចខាតនៅមួយសប្តាហ៍ខាងមុខ។ ទី២. ឃុំរហាត់ទឹក មានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ២ ០៨០ហិកតា ផ្ទៃដីបានប្រមូលផលសម្រេចបាន៨០% ចំពោះផ្ទៃដីរងផលប៉ះពាល់ចំនួន ២៩០ហិកតា ដោយសារគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ផ្ទៃដីនេះនឹងរងការខូចខាតទាំងស្រុង។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដោយបានពន្យល់ពីចំណុចសំខាន់ៗនៃការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញបានបន្តចុះពិនិត្យការទិញស្រូវសែនក្រអូប (រួមមានទាំងគុណភាពលេខ ១ ២ ៣ ទាំងអស់) របស់ក្រុមហ៊ុនបៃតងកម្ពុជា នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខណៈនោះកសិករក៏បានបង្ហាញក្តីរីករាយ និងបានថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់យន្តការសម្របសម្រួលតម្លៃស្រូវរបស់ប្រជាពលរដ្ឋ និងចុះអន្តរាគមន៍បានទាន់ពេលវេលា៕