នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបន្តចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វក្នុងខេត្តក្រចេះ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះត្រួតពិនិត្យលើទីតាំងសត្តឃាតដ្ឋានជាក់ស្តែងចំនួន០៤ ទីតាំង ស្ថិតនៅក្នុងស្រុកស្នួល ស្រុកសំបូរ ស្រុកឆ្លូង និងក្រុងក្រចេះ។ នៅក្នុងខេត្តក្រចេះទាំងមូលមានសត្តឃាតដ្ឋានប្រភេទ “ ខ ” ចំនួន៦ ទីតាំង ។ តាមការពិនិត្យឃើញថា សត្តឃាតដ្ឋានដែលបានចុះត្រួតពិនិត្យជាក់ស្តែងទាំងនោះ នៅមានសភាពមិនទាន់អនុវត្តតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ខ្វះអនាម័យនៅក្នុងទីធ្លា ខ្វះបច្ចេកទេសសម្រាប់ការពិឃាត រឺឯការទុកដាក់សាច់ និងផលិតផលសាច់នៅមិនទាន់អនុវត្តតាមវិធានអនាម័យនៅឡើយ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យម្ចាស់សត្តឃាតដ្ឋានត្រូវយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេស ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិជាធរមានឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដើម្បីការពារសុខភាពមនុស្ស សុខភាពសត្វ សុខុមាលភាពសត្វ និងបរិស្ថាន ព្រមទាំងទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលនៃជំងឺសត្វ៕