នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃពុធ ៧កើត ខែកក្ដិក ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃសុក្រ ៩កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសិក្ខាសាលាស្តីពី “ការគ្រប់គ្រងថវិកា និងអភិក្រមជាប្រព័ន្ធដោយជំនាញសវនកម្មផ្ទៃក្នុង” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើបទបង្ហាញដោយលោក ប៉ក់ ចាន់បូរា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានបទពិសោធន៍ និងចំណេះដឹងពីវិធីសាស្រ្តសវនកម្មផ្ទៃក្នុង។ គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមន្រ្តីនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងឲ្យឆ្លើយតបនឹងបរិការណ៍ថ្មីនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣តាមរយៈ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”។ គ្រូឧសទេសបានលម្អិតនូវខ្លឹមសារយ៉ាងក្បោះក្បាយ ស៊ីជម្រៅ ប្រកបដោយបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ដោយលើកយកមួយចំណុចម្តងៗ មកធ្វើការពន្យល់បកស្រាយព្រមទាំងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗ ដែលសវនករម្នាក់ៗបានអនុវត្តជួបប្រទះជាក់ស្តែង។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងយកចិត្តទុកដាក់ខ្ពស់។