នៅថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦ ព្រឹកនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានរៀបចំប្រារព្ធពិធីសូត្រមន្ត ដើម្បីអបអរឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦-២០១៧ ប្រកបដោយនក្ខត្តឫក្សដើម្បីបួងសួងដល់ទេវតាឆ្នាំថី្ម ព្រះនាងមណ្ឌាទេវី សូមប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ក្រោយពីពិធីសូត្រមន្ត នាព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសូង មន្ត្រីរាជការជាប្រធាន អនុប្រធានអង្គភាពជំនាញក្រោមឱវាទក្រសួងយ៉ាងសិ្នទ្ធស្នាលផងដែរ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីរាជការទាំងអស់ធ្វើជាមន្ត្រីល្អ មានសាមគ្គីភាពល្អជាចាំបាច់ ជាពិសេសថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទត្រូវមានភាពជាអ្នកដឹកនាំល្អ ប្រមូលផ្តុំមន្ត្រីមានសមត្ថភាពគុណភាពការងារឲ្យខិតខំបំពេញការងារជាក្រុម មិនដណ្តើមការងារគ្នាធ្វើ ឬ បោះបង់មន្ត្រីមានសមត្ថភាពចោលនោះឡើយ។ ដោយសារការចូលមកដឹកនាំការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានរយៈពេលខ្លី (ពាក់កណ្តាលអាណត្តិ) ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់មន្ត្រីគ្រប់ជាន់ថ្នាក់រូមគ្នាស្តារនិងអភិវឌ្ឍវិស័យកសិកម្មជាមួយគ្នា ដោយសំរូចសកម្មភាពបន្តជំរុញកំណែទម្រង់ការងារជាអាទិ៍លើអនុវិស័យ៖
១. ផលិតកម្មដំណាំកសិកម្មដោយយកចិត្តទុកដាក់លើភាពចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ក្រសួងធនធានទឹក និងឧត្តុនិយម
២. ការអភិវឌ្ឍផលិតកម្មសត្វនិងបសុព្យាបាល
៣. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៖ ព្រៃឈើ និងជលផល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំបង្កើនសមត្ថភាព និងចំណេះដឹង និងជាមន្ត្រីល្អ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕