ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថាមានរោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម Wu Guoquan តំណាងស្ថានទូតចិន ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា លោកឧកញ៉ា និងវិស័យឯកជនប្រមាណ ២០០នាក់។
ជាបឋម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសារបានដែលនាំឲ្យកម្ពុជាសម្រេចទទួលបានលទ្ធផលនាំចេញអង្ករទៅកាន់ទីផ្សារចិន ហើយជាពិសេសថ្មីៗនេះភាគីចិនបានឯកភាពអនុញ្ញាតឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន ១៨បន្ថែមទៀត នាំអង្ករចេញទៅកាន់ទីផ្សារចិន ដែលសរុបមកទល់ពេលនេះ យើងមានសហគ្រាស និងរោងម៉ាស៊ីនកិនស្រូវចំនួន ៤៤ ហើយដែលមានលទ្ធភាពនាំចេញអង្ករទៅកាន់ទីផ្សារចិន។ នាឱកាសនេះ លោក Wu Guoquan បានចូលរួមអបអរសាទរចំពោះរោងម៉ាស៊ីនកិនស្រូវទាំង ១៨ និងបានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្ម ក្រសួង និងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមធ្វើឲ្យយើងសម្រេចទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរនាថ្ងៃនេះ ហើយពិតណាស់លទ្ធផលនេះគឺស្របតាមគោល នយោបាយរបស់រដ្ឋាភិបាលទាំងពីរបានដាក់ចេញគឺការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការគ្នាគ្រប់កាល:ទេស:តាមរយ:ការពង្រឹង និងពង្រីកវិស័យកសិកម្ម និងសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា ទីផ្សារចិនមានសក្តានុពលសម្រាប់កសិផលកម្ពុជាមិនមែនតែអង្ករ ប៉ុន្តែដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និងកសិផលផ្សេងៗទៀត ហើយទាំង អស់នេះគឺជាឱកាសដ៏ប្រសើរសម្រាប់កសិករកម្ពុជានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរជូនចំពោះរោងម៉ាស៊ីនកិនស្រូវទាំង ១៨ ដែលបានទទួលគោលការណ៍ពីអគ្គរដ្ឋបាលគយចិនអនុញ្ញាតឲ្យនាំអង្ករចេញទៅកាន់ទីផ្សារចិន ហើយភ្ជាប់ទៅនឹងលទ្ធផលដែលយើងសម្រេចនាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែង សហការ និងឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ពិតណាស់ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីបានឃើញច្បាស់ថា យើងអាចឈានមកដល់ចំណុចនេះគឺបានមកពីកិច្ចសហការយ៉ាងជិតស្និទ របស់អគ្គរដ្ឋបាលគយចិន និងស្ថានទូតចិន ប្រចាំនៅកម្ពុជា ដែលបានបង្កលក្ខណ:ល្អប្រសើរ ធ្វើយ៉ាងណាជំរុញឱ្យផលិតផលអង្ករកម្ពុជាអាចនឹងនាំចេញទៅកាន់ទីផ្សារចិនគ្រប់តាមកូតា ៤០ម៉ឺនតោនក្នុងមួយឆ្នាំស្របតាមសុឆន្ទ:របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីឈានទៅសម្រេចកូតានេះបាន លោកបានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម នឹងបន្តចូលរួមសហការឲ្យបានល្អដើម្បីជួយជំរុញការនាំចេញមាសសឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។ ដោយឡែក ឯកឧត្តមបានណែនាំឲ្យអ្នកផលិតក៏ត្រូវក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានបច្ចេកវិទ្យាទំនើប ទាន់សម័យ សម ស្រប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនាំដល់ការបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម ធានាបរិមាណ គុណភាព និងស្តង់ដារទីផ្សារនាំចេញ។ រោងម៉ាស៊ីនកិនស្រូវត្រូវលើកកម្ពស់សមត្ថភាពកែច្នៃ ធ្វើយ៉ាងណាធានាបានគុណភាព និងស្តង់ដារតម្រូវនៃទីផ្សារនាំចេញ ពិសេសបទដ្ឋាន SPS។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពិនិត្យឡើងវិញនៅប្រភេទពូជដែលមានតម្រូវការទីផ្សារ និងដាក់ទិសដៅជំរុញការផលិតពូជទាំងនោះ ហើយត្រូវកំណត់ឈ្មោះសមស្រប ដោយមិនត្រូវបង្កើតឈ្មោះច្រើន ដែលនាំឱ្យមានការភ័ន្តច្រឡំប្រភេទពូជ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមផងដែរថាភាគីចិននឹងបន្តជំរុញពន្លឿនការចរចានូវប្រភេទមុខដំណាំដទៃទៀត ដែលកំពុងមានសក្តានុពលនាំចេញ ដើម្បីធានាដល់ទីផ្សារនៃការផលិត និងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។