នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ ចំពោះសមិទ្ធផលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការផ្ទាល់។ លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៨នាក់ នៅឆ្នាំ២០០៨ ហើយសម្រាប់ឆ្នាំ២០២០ នេះមានចំនួន ១៩៩នាក់។
មានមតិសំណេះសំណាលបន្ត ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវទស្សនផ្ទាល់ខ្លួនថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះគឺស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ជាក់ស្តែង វិស័យផលិតកម្មបន្លែកសិករចាប់ផ្តើមដាំក្នុងផ្ទះសំណាញ់ ឈប់រែកទឹកស្រោចបន្លែ ប្រើប្រព័ន្ធដំណក់ ឬសាចស្រោចបន្លែជំនួស ឈប់ប្រើចបកាប់ដី តែប្រើគ្រឿងចក្រ ការប្រើពូជ ជី និងថ្នាំពុលកសិកម្មស្ថិតក្នុងលក្ខណបច្ចេកទេស និងក្នុងកម្រិតសុវត្ថិភាពទាំងផលិតផល សុខភាពអ្នកផលិត អ្នកបរិភោគ និងក្សេត្របរិស្ដាន ប្រើប្រាស់ប្រព័ន្ធ GAP ដើម្បីវាយតម្លៃលើគុណភាពផលិត មានការចងក្រងបណ្តុំផលិត ជាសហគមន៍ និងអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ច សន្យា។ល។ ផ្ទុយទៅវិញ យើងក៏ទទួលស្គាល់ថា វិស័យមួយនេះក៏នៅមានបញ្ហាប្រឈមជាច្រើនដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មាននិស្សិតទាំង ១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្ម សិក្សា ត្រូវរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព កសិកម្មទំនើប មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីចូលរួមចំណែកជាកំលាំងចលករក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបន្តចូលរួមសម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០។ លោកបានបញ្ជាក់ប្រាប់និស្សិតថា កម្ពុជាអាចដើរដល់គោលដៅនោះបាន ដ៏រាបណាយើងមានធនធានមនុស្សផ្នែកវិស័យកសិកម្មពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួន ច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាក្មួយៗនិស្សិតគ្រប់រូបឆ្លៀតយកឱកាសដ៏ល្អនេះ ត្រូវខិតខំព្យាយាម តស៊ូអំណត់អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម បុគ្គលល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។
ដើម្បីជាធាតុចូលបន្ថែមជាចំណេះដឹង បទពិសោធន៍ ជំហរស្មារតីរឹងមាំក្នុងពេលស្នាក់នៅប្រទេសអីស្រាអែល ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួនដល់និស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលល្អដែលក្នុងនោះមានជាអាទិ៍៖
-ទី១. ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប។
-ទី២. ត្រូវគោរពច្បាប់ វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យា យាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់របស់ខ្មែរឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួននិងសុវត្ថិភាពការងារជាចម្បង មានទំនាក់ទំនងល្អក្នុងក្រុម គ្រួសារ និងសាលា។
-ទី៣. ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា។
-ទី៤. ក្មួយៗត្រូវយកឱកាសដ៏ល្អក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគត។
-ទី៥. ចំពោះ RUA គួររៀចំកម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល ដើម្បីទទួលបានបច្ចេកវិទ្យាថ្មី សាមញ្ញ ងាយស្រួលដល់កសិករក្នុងការអនុវត្ត កាត់បន្ថយការលំបាក ពលកម្ម ពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថាកម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៣ឆ្នាំហើយ។ សរុបទាំង ១២ ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១ ២៧១នាក់។ ឆ្នាំនេះ មាននិស្សិត ១៩៩នាក់ ក្នុងនោះ RUA បានបញ្ជួននិស្សិតចំនួន ១៦៨នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននស្សិត ២០នាក់ សាកលវិទ្យាល័យស្វាយរៀងមាននិស្សិត ៤នាក់ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំមាននិស្សិត ៧នាក់។