នៅរសៀលថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំចរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីនលីឌើរ និងលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា ដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃការកសាងរោងចក្រកែច្នៃដំឡូងមី ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ បានចាប់ដំណើរការសាងសង់កាលពីថ្ងៃអាទិត្យ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។ យោងតាមសេចក្តីរាយការណ៍របស់លោក Tse Michael Nam បានឲ្យដឹងថា ដំណើរការសាងសង់មកទល់ពេលនេះសម្រេចបាន៧០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ និងដែលឈានទៅដល់ការដាក់ឲ្យដំណើរធ្វើការកែច្នៃដំឡូងមីនៅដើមឆ្នាំក្រោយ។ យោងតាមគម្រោងផែនការដែលបានគ្រោងទុក ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្របីកន្លែង (នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែង) បន្ថែមទៀតក្នុងចំណោមដប់រោងចក្រ នៅទូទាំងប្រទេស (រួមទាំងនៅខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ)។ ទន្ទឹមនឹងការបោះទុនវិនិយោគលើការសង់រោងចក្រកែច្នៃដំឡូងមី ក្រុមហ៊ុនបានមើលឃើញតម្រូវការតំណាប់ស្វាយនៅប្រទេសចិនមានទំហំធំធេង ក្រុមហ៊ុនបានបោះទុនចំនួន ២លានដុល្លារអាមេរិកបន្ថែម ក្នុងការ សាងសង់រោងចក្រខ្ចប់វិចនិងកែច្នៃតំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្ននេះអាចផលិតបាន ២០០ តោនក្នុងមួយខែ នាំទៅកាន់ប្រទេសចិន ។ លោកប្រធានបានបញ្ជាក់បន្ថែមថា ដោយមើលឃើញសេចក្តីត្រូវការទីផ្សារមានការកើនឡើងខ្ពស់ ក្រុមហ៊ុននឹងពង្រីករោងចក្រនៅតាមបណ្តខេត្តដ៏ទៃទៀតនាពេលខាងមុខ ។