ជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មថ្ងៃទី២ របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី លោកបានចូលទៅពិនិត្យឃ្លាំងសន្និធិស្រូវពូជ និងការប្រមូលផលស្រូវពូជថ្មី នៅស្ថានីយផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ថានីយមានផ្ទៃដីចំនួន ២៨០ហត សម្រាប់ផលិតពូជស្រូវ និងមានឃ្លាំងស្តុកពូជ និងអគាររដ្ឋបាល។ បច្ចុប្បន្នស្ថានីយមានស្រូវពូជចំនួន ៦០០ តោន រួមជាមួយស្ថានីយ៍ផលិតពូជស្រូវនៅតាមបណ្តាខេត្តដ៏ទៃទៀត ក្នុងការត្រៀមអន្តរាគមន៍យកទៅចែកជួនកសិករដែលជួបគ្រោះធម្មជាតិ នាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីបានជ្រាបថាស្ថានីយបានកំពុងសិក្សា ស្រាវជ្រាវពូជស្រូវថ្មីម៉្យាងដែលមានខ្លឹនក្រអូបប្រសើរ មានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងី និងពពួកបារ៉ាសិត ពិសេសដើមរឹង ឈរត្រង់ធ្វើឲ្យកសិករងាយប្រមូលផល និងផ្តល់ទិន្នផលខ្ពស់ ពី ៥-៦តោន/ហត។ បន្ទាប់ពីពិនិត្យ DNA នៅ់មន្ទីរពិសោធន៍រួច ក្រសួងនឹង រៀបចំដាក់សំណើជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដាក់ឈ្មោះឲ្យពូជស្រូវថ្មីមួយនេះ។