អញ្ជើញចេញពីខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសហការី បានបន្តដំណើរមកខេត្តសៀមរាប។ នៅវេលាម៉ោង ១៣:៣០ នាទីរសៀល ថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកសួរសុខទុក និងនាំយកស្បៀង និងថវិកាមកជូនកងកម្លាំងអន្តរាគមន៍ចំរុះ (មន្រ្តីរដ្ឋបាលជលផល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលជាតិ) ចំនួន ៤៩នាក់ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រចាំការនៅកន្លែងអភិរក្សជលផលអតីតឡូតិ៍លេខ៦ ខេត្តសៀមរាប។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានពាំនាំការផ្តាំសាកសួរសុខទុក្ខ អំពីជីវភាព បញ្ហាប្រឈមក្នុងការបំពេញការងារ ការផ្គត់ផ្គង់ស្បៀង សុខភាព។ល។ លោកបានលើកឡើងថា ស្មាដៃបង្ក្រាបបទល្មើសកន្លងមកពិតគួរឲ្យកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះវីរភាព និងស្មារតីតស៊ូ លះបងកាយចិត្ត គ្រួសារ ស្ម័គ្រមកបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុថែរក្សាការពារធនធានធម្មជាតិ (មច្ចជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាបអស់រយ: ៣ ខែកន្លងមកទទួលបានលទ្ធផលគួរជាទីមោទន នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។ យកពេលជួបសំណេះសំណាល លោកបានផ្តាំផ្ញើឲ្យក្រុមកំលាំងអន្តរាគមន៍ ថែ រក្សាសុខភាព បរិភោគអាហារ និងផឹកទឹកស្អាត ដើម្បីចៀសវាងបញ្ហាសុខភាព និងបានលើកទឹកចិត្តដល់កងកំលាំងអន្តរាគមន៍បន្តពង្រឹងកិច្ចសហការឲ្យកាន់តែរឹងមាំដើម្បីសម្រេចឲ្យបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ មានឱកាសបានមកជួបសួរសុខទុក្ខក្រុមអន្តរាគមន៍ដែលនឹងត្រៀមប្តូរវេន (ក្រុមចាស់ចេញ ក្រុមថ្មីចូល) ឯកឧត្តមរដ្ឋមន្ត្រី បានជួនពរទាំងក្រុមចាស់ និងក្រុមថ្មីឲ្យជួបតែពុទ្ធិពរទាំង៤ ប្រការ។ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកមកជូនក្រុមអន្តរាគមន៍មាន ៖ ១- ថវិកា ៥ ០០០ ០០០រៀល (១០០ ០០០រៀល/នាក់) ២- ប្រេងម៉ាស៊ូត ៥០០លីត្រ ៣- អង្ករ ៣បាវ(១បាវ/អង្គភាព) ៤- មី ៤៨កេសតូច ៥- ត្រីខកំប៉ុង ៥៥យួរ ៦- ទឹកសុទ្ធ ៣០ធុងធំ ៧- សាច់ជ្រូក ៣៥គក្រ ៨- បន្លែ ៥០គីឡូក្រាម ៩- ស៊ុតមាន់ ៥០០គ្រាប់ សូមជម្រាបជូនផងដែរថា នៅវេលាម៉ោង ៧:៣០នាទី ព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ពុំ សុថា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតទៅជូនកងកំលាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសជលផលទាំងបីអង្គភាពដែលកំពុងឈរជើងប្រចាំការនៅទីបញ្ជាការដ្ឋានជ្រោយស្តី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។