នៅទីស្តីការក្រសួង វេលាម៉ោង ៨:៣០ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យគណ: ប្រតិភូអញ្ជើញមកពី Korea Rural Community Cooperation, KANWON National University and Dasan Consultants ដឹកនាំដោយ Mr. KIN Insik នាយកគ្រប់គ្រងទូទៅសាជីវកម្មជនបទកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនាពេលអនាគត។
ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណ:ប្រតិភូដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនកូរ៉េដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាទស្សនកិច្ចរបស់គណប្រតិភូនាពេលនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត មិនត្រឹមតែប៉ុណ្ណោះ ទស្សនកិច្ចនេះជាការបើកផ្លូវឲ្យបានទូលាយសម្រាប់សាជីវកម្មជនបទកូរ៉េ សាកលវិទ្យាល័យ មកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លី ដើម្បីចូលរួមអភិវឌ្ឍន៌វិស័យនេះ និងធនធានមនុស្សឲ្យមានការរីកចម្រើន។
Mr. KIM ក្នុងនាមឲ្យគណ:ប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណ:ប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសកោតស្ញប់ស្ញែងចំពោះប្រាសាទអង្គវត្តដែលជាបេតិកភណ្ឌពិភពលោក។ ជុំនួបនាព្រឹកនេះ លោកប្រធានគណ:ប្រតិភូបានជម្រាបថាគោល បំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងជាពិសេសអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះគឺទី១- ចូលរួមសម្ពោធអគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង ទី២- ចង់សិក្សាស្វែងយល់បន្ថែមពីសក្តានុពលកសិកម្មកម្ពុជា និងទី២- សិក្សាពីតម្រូវការចំបាច់ដែលភាគីកូរ៉េអាចជួយបានដើម្បីអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគតតាមរយ:កិច្ចសហប្រតីបត្តិការរវាងភាគីទាំងពីរ។ Mr. KIM បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីស្ថានភាពក្រលំបាក ខ្វះស្បៀងបន្ទាប់ពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ ហើយជាបន្តបន្ទាប់ប្រជាជន និងរដ្ឋាភិបាលកូរ៉េបានខិតខំតស៊ូដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសរហូតមកទល់បច្ចុប្បន្ន និងជាពិសេសវិស័យកសិកម្មដែលឈានដល់កម្រិតកសិកម្មឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាទំនើបក្នុងកសិដ្ឋានតាំងពី A to Z។ Mr. KIM បានបន្តទៀតថា ស្ថានភាពនៃការកសាង និងអភិវឌ្ឍរបស់កម្ពុជា មានលក្ខណ:ប្រហាក់ប្រហែលប្រទេសកូរ៉េ ហើយនេះគឺជាដើមហេតុដែលឲ្យភាគីកូរ៉េចង់មកចែករំលែកនូវអ្វីគ្រប់យ៉ាងដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ធ្វើការអភិវឌ្ឍប្រទេស និងជាពិសេសវិស័យកសិកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះឆន្ទ:បង្កើតកិច្ចសហប្រតីបត្តិការរវាងភាគីទាំងពីរ លើវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាវាស្របពេលដែលក្រសួងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម និងធនធានមនុស្សស្រប តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ គោលនយោបាយនោះគឺសំដៅដល់ការយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែ ច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសនោះការបណ្តុះបណ្តាលធនធាន មនុស្សឲ្យពួកគេទទួលយកចំណេះដឹងផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍកសិដ្ឋានដំណាំ និងសត្វរបស់ពួកគេ។ សរុបសេចក្តីមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ក្តីសង្ឃឹម និងជឿជាក់ជូនគណ:ប្រតិភូថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះសម្រេចទទួលបានជោគជ័យ។