នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និង ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ១៧០ គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សម្រាប់ការគាំទ្រនានា ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល និងសម្ភារៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រសួងទាំងពីរកន្លង គឺជាសក្ខីភាពស្តែងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវការគាំទ្រក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តបព្ចាកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សន្តិសុខប្រព័ន្ធអុីនធឺណិត (Cyber Security System) គឺពិតជាសំខាន់ ដែលត្រូវការការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញការងារឌីជីថលនេះឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការចំណាយមិនចាំបាច់ ជាពិសេសអាចបង្កើនប្រសិទ្ធភាពការងារដល់មន្រ្តីឃុំ សង្កាត់របស់យើង ដែលនៅតាមមូលដ្ឋានខេត្តគោលដៅ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបន្តការសហការគាំទ្រទាំងបច្ចេកទេស និងការផ្តល់ជូនកុំព្យូទ័រចំនួន ១៧០ គ្រឿង ដើម្បីគាំទ្រដល់ការងាររបស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រើប្រាស់កុំព្យូទ័រដែលទទួលបាននាពេលនេះ ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕