នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទផងដែរ។
ជាកិច្ចចាប់ផ្តើម លោកប្រធានបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទដែលបានខិតខំបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តរយៈពេល១ឆ្នាំកន្លងមកនេះ ដែលបានចេញជាសមិទ្ធផលជាច្រើន។ ដោយសារបច្ចុប្បន្ន នៅទូទាំងសកលលោកកំពុងតែរស់នៅក្នុងគន្លងបែបថ្មីសម័យកាលកូវីដ-១៩ ទើបធ្វើឲ្យការជួបជុំក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានចំនួនតិច ដោយយកតែថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំការិយាល័យមកចូលរួមតែប៉ុណ្ណោះ។
ជាការពិតណាស់ ដោយបច្ចុប្បន្នប្រទេសកម្ពុជា ព្រមទាំងប្រទេសទូទាំងសកលលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមទៅនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងនោះដែរនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមគ្នាទប់ស្កាត់ដើម្បីកាត់បន្ថយនូវហានិភ័យដែលអាចកើតមានគ្រប់ពេលជាយថាហេតុ ដោយបានធ្វើការណែនាំដល់គ្រប់មន្រ្តីក្រោមឱវាទនាយកដ្ឋានទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនឲ្យបានជាប់ជានិច្ច មិនថាក្នុងរង្វង់ម៉ោងធ្វើការនៅក្នុងក្រសួង ព្រមទាំងនៅបរិបទខាងក្រៅផងដែរ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានក៏បានដាក់ចេញនៅគោលការណ៍មួយចំនួនដល់មន្រ្តីគ្រប់រូបក្រោមឱវាទ ឲ្យមកបំពេញការងារប្រចាំថ្ងៃរង្វង់៣០-៤០ភាគរយនៃមន្រ្តីទាំងអស់ ដោយធ្វើការពាក់ម៉ាសជាប្រចាំចំពោះវត្តមានរបស់មន្រ្តីដែលមានក្នុងការិយាល័៏យទាំង៦ ដោយធ្វើការឆ្លាស់វេនគ្នាជាប្រចាំ ព្រមទាំងធ្វើការវាស់នៅកំដៅគ្រប់មន្រ្តីទាំងអស់មុនចេញចូលក្នុងការិយាល័យធ្វើការផងដែរ។ លើសពីនេះទៅទៀត លោកប្រធានក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំការិយាល័យទាំង៦ធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់ចំពោះមន្រ្តីដែលខិតខំប្រឹងប្រែងបំពេញកិច្ចការដើម្បីនាយកដ្ឋានឲ្យមានរីកចម្រើន និងណែនាំដល់មន្រ្តីគ្រប់រូបឲ្យយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនដែលប្រធានបានដាក់ជូន ជៀសវាងរាល់បាតុភាពទាំងឡាយដែលអាចកើតមានឡើង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានចែករំលែកនៅបទពិសោធន៍ល្អៗជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់អស់រយៈពេលប្រមាណជិត៣០ឆ្នាំកន្លងមកនេះ ទាំងក្នុងបរិបទការងារ និងសង្គមខាងក្រៅ។ បន្ថែមពីនេះទៅទៀត លោកប្រធានក៏បានពាំនាំប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់មន្រ្តីក្រោមឱវាទទាំងអស់ ក្នុងការដឹកនាំនាយកដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាកិច្ចបញ្ចប់ លោកប្រធានក៏សូមធ្វើការជូនពរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីក្រោមឱវាទទាំងអស់ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។