ទំនប់ទឹកចំនួន២ នៅភូមិត្រពាំងក្រញួង ស្រុកត្រាំកក់ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានជួសជុលកាលពីចុងសក្តាហ៍កន្លងទៅនេះក្រោមការជួយឧបត្ថម្ភពីសំណាក់លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ទំនប់ទឹកទាំង២នោះ ទី១ ទំនប់ក្រាំងអំពិលនៅភូមិព្រៃក្តួច។ ទំនប់នេះត្រូវចាក់បន្ថែមកម្ពស់០,៥០ម៉ែត្រ ដែលមានមាត់លើ៤ម៉ែត្រ បាតក្រោម១៥ម៉ែត្រ និងប្រវែង២០០ម៉ែត្រ។ ទំនប់នេះនឹងជួយដល់អ្នកភូមិសំរាប់ស្រោចស្រពស្រូវរដូវវស្សា២០០ហិចតា និងស្រែប្រាំង៤០ហិចតា។
ទំនប់ទី២ គឺទំនប់តាអំ នៅភូមិត្រពាំងស្គា។ ទំនប់នេះបានចាក់ប្រវែង៣០ម៉ែត្រ ដែលមានបាតក្រោម១៥ម៉ែត្រ មាត់លើ៥ម៉ែត្រ និងកម្ពស់៥ម៉ែត្រ។ ទំនប់សងខាងដែលត្រូវជួសជុលប្រវែង៣០០ម៉ែត្រ។ ទំនប់នេះក្រោយជួសជុលរួចនឹងជួយដល់ស្រែវស្សា១០០ហិចតា និងស្រូវប្រាំង១០ហិចតា។
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មដែលបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននេះ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការដោះស្រាយប្រភពទឹកនៅមូលដ្ឋានក្នុងចលនាកសាងធារាសាស្ត្រនោះ លោករីករាយជានិច្ចជាមួយកសិករនៅមូលដ្ឋានក្នុងការស្វះស្វែងរកប្រភពទឹក កសាងប្រភពទឹក និងគ្រប់គ្រងទឹកឲបានល្អ។
លោកបានលើកទឹកចិត្តឲកសិករចូលរួមថែមទៀតក្នុងចលនានេះ។ចំពោះការជួសជុលទំនប់ទាំងពីនេះ លោករដ្ឋមន្ត្រីបានស្នើរឲធ្វើឡើងឲបានត្រឹមត្រូវនិងធានាបាននូវគុណភាពក្នុងការប្រើប្រាស់ ពោលគឺ ធានាបានក្នុងការគ្រប់គ្រងទឹក។ លោកបានបន្តទៀតថាក្រៅពីប្រភពទឹកលើដីយើងក៏អាចស្វែងរក ប្រភពទឹកក្រោមដីយកមកបម្រើឲការងារកសិកម្មផងដែរតាមរយៈការបុកអណ្តូងដែលយើងអាចមានលទ្ធផលធ្វើបាន។ លោកបានរំលើកទៀតថា នៅពេលមានទឹកហើយដីស្រែត្រូវមានពណ៌បៃតងជានិច្ច នោះទើបអាចឲជីវភាពបានកាន់តែប្រសើរឡើង។ កសិករត្រូវតែពង្រីកថែមទៀតនូវការអនុវត្តន៍ប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិដែលរបៀបថ្មីនេះផ្តល់នូវទិន្នផលច្រើននិងកាត់បន្ថយចំណាយថ្លៃដើម៕