ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាលជាមួយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សា ថ្នាក់ដឹកនាំគ្រប់អង្គភាព និងមន្រ្តីរាជការក្រោមឱវាទ
ចេញផ្សាយ ២២ មេសា ២០១៩
3454
បន្ទាប់ពីពិធីសូត្រមន្ត លើករាសី និងរាប់បាត្រឧទិស្ទដល់បុព្វការី និងអតីតយុទ្ធជន ដែលបានចែកឋាន និងពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិនិងប្រជាជន និងសូមសេចក្តីសុខចម្រើនជូនមហាគ្រួសារកសិកម្មនាវេលពេលព្រឹករួចមក នៅរសៀលថ្ងៃដដែលឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាលជាមួយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សា ថ្នាក់ដឹកនាំគ្រប់អង្គភាព និងមន្រ្តីរាជការក្រោមឱវាទ ដែលញ៉ាំងឲ្យពិធីនេះកាន់តែមានភាពស្និតស្នាល គោរព ស្រលាញ់ សាមគ្គីភាព និងកាន់តែបង្កើនភាពសុខដុមរមនារវាងថ្នាក់ដឹក នាំ និងមន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់។
ឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ញើសារជូនថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ ថ្នាក់ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន សហគមន៍ សមាគម និងប្រជាកសិករនៅទូទាំងប្រទេសនូវអំណរអរគុណជាអនេក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមផ្តល់កិច្ចសហការយ៉ាង សកម្ម និងពេញលេញក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងជាពិសេសសមិទ្ធផលនេះគឺពិតជាបានឆ្លើយ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាគ្រប់ភាគីពាក់ព័ន្ធទាំង អស់នឹងបន្តផ្តល់ការគាំទ្រ និងសហការឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីអភិវឌ្ឍវិស័យអាទិភាពមួយនេះឲ្យមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ភ្ញៀវទេសចរណ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារនាំចេញ។
ដោយឡែកសម្រាប់ក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលក្រសួងសម្រេចបាននាឆ្នាំចាស់ និងសម្រាប់ឆ្នាំថ្មីលោកសូមឲ្យថ្នាក់ ដឹកនាំ មន្រ្តីរាជការទាំងអស់មេត្តាបន្តនូវប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អប្រសើរក្នុងរង្វង់មហាគ្រួសារកសិកម្មដើម្បីចូលរួមអនុវត្តអនុសាសន៍គន្លឹះទាំង៩ចំណុចដែលសម្តេចតេជោបានលើកឡើងក្នុងឱកាសបិទសន្និបាតបូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៤ ខែមីនា កន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីតលភាវូប-នីយកម្ម។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការកំពុងទន្ទឹងរង់ចាំទទួលទេវតាឆ្នាំថ្មី និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកបានពាំនាំនូវសេចក្តីនឹករឭកដ៏ជ្រាលជ្រៅ និងពរជ័យបវរប្រសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលយកនូវសេចក្តីសុខចម្រើន សប្បាយរីករាយជួបជុំគ្រួសារ និងសូមទទួលយកនូវក្តីមេត្តា ករុណា មុទិតា ឧបេក្ខា បញ្ញា និងសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។