នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំណុចបឹងត្រែង និងបឹងក្រចាប់ នៅក្នុងឃុំចំនួនពីរ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមការចង្អុលបង្ហាញពី ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការបានដឹកនាំកម្លាំង សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយកម្លាំងវរៈសេនាតូចកាំភ្លើងធំយោភូមិភាគ២ ដោយមានការចូលរួមពីអាជ្ញាធរឃុំទន្លេបិទ និងឃុំជីរោរិ៍២ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ចំណុចបឹងត្រែង និងបឹងក្រចាប់ ក្នុងឃុំទន្លេបិទ និងឃុំជីរោរិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វត្ថុតាងដែលរឹបអូសបាន និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន លូស្បៃមុងបានចំនួន ២២មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ បង្កោលចម្រឹងចំនួន ៥៦០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ៧៥គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ៕