បន្ទាប់ពីកម្មវិធីចែកគោ ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចូលទៅពិនិត្យការចិញ្ចឹមគោ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ។ លោករស់ ពិសិដ្ឋម្ចាស់កសិដ្ឋានបានឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមានគោសាច់ចំនួន ៦០ក្បាល ចិញ្ចឹមលើផ្ទៃដីចំនួន ១០ហត ហើយក្នុងមួយខែអាចរកចំណូលបានជាង ២០០០ដុល្លារ។
នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការចិញ្ចឹមគោដែលជារបរដ៏ល្អមួយក្នុងការជួយបង្កើនប្រាក់ចំណូលគ្រួសារ ហើយប្រាក់ចំណូលនេះនឹងចូលរួមផ្គត់ផ្គង់សេចក្តីត្រូវសាច់ក្នុងទីផ្សារកម្ពុជានាពេលបច្ចប្បន្ន និង ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ៧% ក្នុងមួយឆ្នាំ និងចូលរួមជាកំលាំងចលករក្នុង ការសម្រេចចក្ខុវិស័យរបស់សម្តេចតេជោក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រ និងលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀត ដើម្បីរក្សាអាជីពនេះឲ្យរីកចម្រើននាពេលអនាគត់។