ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ប្រចាំនៅកម្ពុជា(GIZ) បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ណាគារគ្លរៀស ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១១ខេត្ត សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី សហគមន៍កសិកម្ម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥០រូប។ សិក្ខាសាលានេះមានគោលបំណងគឺ៖ (១)ពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ការិយាល័យកសិ-ឧស្សាហកម្ម) វិស័យឯកជន និងសហគមន៍កសិកម្មដែលបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (២)បង្កើនចំណេះដឹងរបស់អ្នកពាក់ព័ន្ធ និងតួអង្គពាក់ព័ន្ធលើស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទីស្រស់ ដើម្បីជួយសម្រួលដល់ការកំណត់តម្លៃសមស្រប និងមានតម្លាភាព និង(៣)បង្កើតភាពជាដៃគូដើម្បីផ្សារភ្ជាប់គម្លាតរវាងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដូចជា នាយកដ្ឋានកសិឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យឯកជន/អ្នកកែច្នៃ និងសហគមន៍កសិកម្មដើម្បីពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។