នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត និងផ្គត់ផ្គង់ រវាងក្រុមហ៊ុនAMRU Rice និងសហគមន៍កសិកម្មចំនួន២២មកពីខេត្តកំពង់ធំ(១៦) កំពង់ចាម(២) និងសៀមរាប(៤) ក្រោមអធិបតីភាពឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្ត លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូដូចជា CAVAC, IFC និងមានការរៀបចំដោយអង្គការ CIRD សរុបអ្នកចូលរួមប្រមាណ ១០០នាក់។ គូសបញ្ជាក់ផងដែរថា កិច្ចសន្យានេះគឺមានការចូលរួមផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) ចំនួន ២២សហគមន៍កសិកម្មមកពីបីខេត្ត (កំពង់ធំ កំពង់ចាម និងសៀមរាប) គ្របដណ្តប់លេីផ្ទៃដីចំនួន ២ ៣០៣ហិកតា ក្នុងបរិមាណស្រូវចំនួន ៥៥៣៦តោន ហើយកិច្ចសន្យានេះនឹងជួយធានាតម្លៃ និងទីផ្សារដល់គ្រួសារកសិករប្រមាណ ១៥១៦គ្រួសារ។