នៅរយះពេលមិនយូរប៉ុន្មាន មជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្មពោធិលាស់ នឹងមានភ្លើងអគ្គិសនីដើម្បីបម្រើឱ្យស្ថានីយបូមទឹក ដែលអាចមានលទ្ធភាពស្រោចស្រពដីស្រែវស្សា និងប្រាំងជាច្រើនពាន់ហិកតា។
មជ្ឈមណ្ឌលនេះស្ថិតនៅក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណជា៧៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
លោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទៅកាន់ទីនោះ កាលពីថ្ងៃទី២៧ ខែមីនា ដើម្បីពិនិត្យមើលសកម្មភាពបណ្ដាញអគ្គិសនីបម្រើឱ្យសកភាពរបស់ស្ថានីយដែលកំពុងធ្វើឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ។
មកទល់ពេលនេះមជ្ឈមណ្ឌល បានរៀបចំបង្គោលភ្លើង និងដាក់ត្រង់ស្វូរដែលមានកម្លាំង៦៣០KVAរួចជាស្ថាពរ ហើយដែលជំហានបន្ទាប់នៅសល់តែការអូសខ្សែភ្លើងភ្ជាប់តែប៉ុណ្ណោះ ។ ការងារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នាសប្ដាហ៏ក្រោយនេះ។
មន្ដ្រីនៅទីនោះបានឱ្យដឹងថាផ្អែកតាមណែនាំេបស់លោករដ្ឋមន្ដ្រីក្រសួងកសិកម្មនាពេលថ្មីៗកន្លងមកនេះអគ្គនាយកដ្ឋានកសិកម្មបានចុះស្ដារប្រឡាយមេមួយខ្សែដែលមានប្រវែង៣.០០០ម៉ែត្រសម្រាប់បង្ហូរទឹកស្រោចស្រពដល់ដីស្រែនៃដំបន់ទាំងមូល។
មជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្មពោធិលាស់មានស្ថានីយបូមទឹកមួយដែលបានបង្កើតឡើងវិញក្នុងឆ្នាំ១៩៨៧ ។ស្ថានីយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រពផ្ទៃដីកសិកម្មចំនួន១.២៥០ហិកតា នៅរដូវវស្សា និងប្រមាណ២០០-៣០០ហិកតានៅរដូវប្រាំង។ នាពេលបច្ចុប្បន្នស្ថានីយបូមទឹកនេះមានសភាពទ្រូឌទ្រោម ទើបក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានកំពុងតែធ្វើការជួសជុលកែលំអស្ថានីយបូមទឹកនិងស្ដារប្រព័ន្ធស្រោចស្រពនេះឡើងវិញដោយបំពាក់ម៉ូទ័របូមទឹកប្រើដោយចរន្ដអគ្គិសនីចូលក្នុងស្ថានីយបូមទឹក ដោយចំណាយទឹកប្រាក់អស់ជាង១០០លានរៀល។មជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្មពោធិលាស់ក៏បានរៀបចំពង្រឹងក្រុមប្រើប្រាស់ទឹកឡើងវិញផងដែរ។
ដោយឡែកដោយយល់ពីភាពចាំបាច់ និងធានានូវនិរន្ដភាពការងាររបស់មជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្មពោធិ
លាស់នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំបង្កើតសហគមន៏កសិកម្មចំនួន២គឺ :សហគមន៏អភិវឌ្ឍន៏កសិកម្មពោធិលាស់សែនជ័យ។ សហគមន៏ទាំងនេះមានគោលបំណងសំខាន់គឺផលិតកម្មស្រូវលក់ដូរ កែច្នៃផលិតផលកសិកម្ម ផ្ដល់សេវាបច្ចេកទេសនិងទីផ្សារកសិកម្មចិញ្ចឹមសត្វ ផ្គត់ផ្គង់សម្ភារៈនិងឧបករណ៏កសិកម្ម ឥណទានកសិកម្មនិងការផ្គត់ផ្គង់ទឹកស្រោចស្រព។
ខណៈពេលពិនិត្យសកម្មភាពនៅទីនោះ លោករដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្មដែលបានបំពេញការងារប្រកបដោយផ្លែផ្កា។ លោកបានជំរុញឱ្យធ្វើការងារនេះកាន់តែឆាប់ថែមទៀតដើម្បីឱ្យសេចក្ដីត្រូវការរបស់កសិករ។ ដើម្បីជាកម្លាំងចិត្តដល់ប្រជាសហគមន៏ដែលបានខិតខំស្ដារភក់នៅក្នុងលូស្ដុកទឹករបស់ក្បាលបូមនៃស្ថានីយបូមទឹកនៅមជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្មពោធិលាស់ លោករដ្ឋមន្ដ្រីបានឧបត្ថម្ភថវិការចំនួន៤០ម៉ឺនរៀលនិងសារុងចំនួន២០ដល់អ្នកដែលបានខិតខំស្ដារ៕