ចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត ដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ម៉ារីណេ បានរាយការណ៍ជូនថា អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋានមានកន្ធាយ ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។ ជាមធ្យមកន្ធាយចិញ្ចឹមរយ: ពេល ១ឆ្នាំមានទម្ងង់ ១kg មានតម្លៃ ១០ដុល្លារ គាត់ និងក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន ៥ តោន/ថ្ងៃ ត្រូវការកូន ១០លានក្បាល ហើយបើ ១ក្បាល/១០ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លារ/ឆ្នាំ។ ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃផ្លាក់ចុះមកនៅត្រឹម ៧-៨ដុល្លារ/kg ដោយសារមានការនាំចូលពីវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ត្រង់ចំណុចនេះ លោក ម៉ារីណេ សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយកំពុងពេញនិយម ជាពិសេសអតិថិជនជនជាតិចិន។ បច្ចុប្បន្ន គាត់ផលិតកូនសម្រាប់លក់ជូនទីផ្សារ ដែលអាចទាក់ទងទិញកូនតាមរយ:លេខ ០១៧/០៩៧ ៩១ ៨១ ៩១ (លោក ហេង ម៉ារីណេ)។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមកន្ធាយប្រកប ដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងទទួលជោគជ័យជាបណ្តើរយ៉ាងដូច្នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលជាអនុវិស័យដ៏សំខាន់មួយដែលរដ្ឋបាលជលផលបាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូល រួមជាចលករដើម្បីអភិវឌ្ឍវិស័យនេះ បង្កើនបរិមាណផ្គត់ផ្គង់ ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលកន្ធាយពីប្រទេសជិតខាង។ ជាងនេះនៅទៀត គឺចាប់យកកាលានុវត្តភាពក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យវារី វប្បកម្មនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម"។ មិនតែ ប៉ុណ្ណោះ លោកក៏បានសម្តែងនូវការគាំទ្រចំពោះឆន្ទ:ពង្រីកផ្ទៃដីចិញ្ចឹមកន្ធាយនាពេលអនាគត ដែលវានឹងចូលរួមចំណែកបង្កើនផលិតផលកន្ធាយសម្រាប់ទីផ្សារក្នុងស្រុក និងទិសដៅនាំចេញនាពេលអនាគត។