នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន នៅក្នុងបរិវេណវត្តប្រាសាទ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិឃុំនៃស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបប្រមាណ៣០០នាក់។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់អំពីយុទ្ធសា្រស្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ព្រមទាំងសមិទ្ធផលនានាសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជូនដល់វេទិកាបានជ្រាបផងដែរ។
បើតាមឯកឧត្តម រាជរដ្ឋាភិបាលបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តន៍កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយអំពីសារសំខាន់នៃគោលនយោបាសហគមន៍កសិកម្មទំនើប ជូនដល់ប្រជាកសិករ និងអ្នកចូលរួមថែមទៀតផង។
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់សាលារៀន ស្នើសុំឱ្យមានមន្ទីរពេទ្យបង្អែកនៅទីរួមស្រុក ស្នើសុំជួយសម្របសម្រួលទីផ្សារលក់កសិផល និងស្នើសុំផ្លូវលំ បេតុង និងកៅស៊ូជាដើម។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងបំពេញការងាររបស់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហា និងសំណូមពរនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកវ៉ារិន ខេត្តសៀមរាប ឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕