នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច និងធានានូវសន្តិសុខស្បៀង។
អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមានការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុក និងនាំចូល ការបង្កើតគណៈកម្មាធិការទ្រទ្រង់វិស័យវារីវប្បកម្ម និងការស្នើសុំទិន្នន័យផ្នែកចិញ្ចឹមក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការបង្កើតឲ្យមានក្រុមការងារចំពោះកិច្ច ដោយកំណត់ទិសដៅ ជាផែនការយុទ្ធសាស្រ្តវាយតម្លៃប្រភេទត្រី ពូជត្រី តម្រូវការក្នុងស្រុកនិងការនាំចូល ការលើកកម្ពស់វារីវប្បកម្ម ស្ថេរភាពនៃការផ្គត់ផ្គង់ និងសិក្សាពីឧត្តមភាពសេដ្ឋកិច្ចពូជត្រីដែលមានភាពចំនេញក្នុងទីផ្សារ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមការងារខាងលើនេះ ត្រូវមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជនដែលមានជាតំណាងវារីវប្បករ សហគមន៍នេសាទ អ្នកនាំចូលផលិតផលជលផល ដោយកំណត់តួអង្គឲ្យបានច្បាស់លាស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តគឺជាកត្តាសំខាន់ដែលត្រូវមានភាពជាដៃគូទាំងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការជាមួយគម្រោងនានា ដោយត្រូវមានផែនការច្បាស់លាស់ ហើយក្រសួងនឹងជួយគាំទ្របន្ថែមផ្នែកបច្ចេកទេស ការស្រាវជ្រាវពូជត្រី ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងមានភាពចំនេញដល់អ្នកចិញ្ចឹម៕