ជាស្ពានចម្លងឲ្យកសិករ សហគមន៍ ព្រមទាំងវិស័យឯកជនទទួលបាននិងប្រើប្រាស់បច្ចេកទេសថ្មីៗប្រកបដោយប្រសិទ្ធភាពនិងមានប្រសិទ្ធផលខ្ពស់ ប្រយោជន៍ដល់ការជួយទ្រទ្រង់ចំណូលក្នុងគ្រួសារ រក្សាកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសយើងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
និស្សិតទាំង ២១០នាក់នេះ គឺជានិស្សិតជ័យលាភីដែលបានមកដោយធ្វើការជ្រើសរើស និងធ្វើតេស្តពីសមត្ថភាពយ៉ាងត្រឹមត្រូវ រួចយកតែនិស្សិតស្ម័គ្រចិត្ត។ ដូច្នេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានក្រើនរំលឹកដល់ក្មួយៗនិស្សិតនូវមេរៀនល្អៗដែលអាចត្រង់ត្រាប់យកទៅប្រតិបត្តិតាមមាគារដ៏ត្រឹមត្រូវមួយដែលឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ មេរៀនល្អៗទាំងនោះមាន៖ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកបទពិសោធន៍ និងមេរៀនបច្ចេកទេសល្អៗដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្យជំនាញសម្រាប់អនាគត។ ទី២. ត្រូវគោរពច្បាប់ និងមានវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងមានទំនាក់ទំនងល្អក្នុងការងារ ជីវិតរស់នៅ និងជាមួយក្រុមគ្រួសារ។ ទី៣.ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ជាតិសាសន៍ទាំងក្នុងពេលរៀន និងក្នុងពេលបំពេញការងារ។ ទី៤. ត្រូវថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ និងសាសនាដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានសីលធម៌ និងត្រូវគោរពឲ្យបាននូវវិន័យរបស់សាលា។ ទី៥.ត្រូវសន្សំទ្រព្យជាចំណេះនិងជាបទពិសោធន៍ទាំងការងារ និងជីវតិរស់នៅ រួចយកមករៀបចំកសាងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងពិតប្រាកដមួយដើម្បីកសាងអនាគតរបស់ខ្លួន របស់គ្រួសារផ្ទាល់ និងជាពិសេសនឹងចូលរួមយ៉ាងពេញលេញ ទាំងកំលាំងកាយ និងប្រាជ្ញាស្មារតីក្នុងការកសាងនិងអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនពេញមុខពេញមាត់ដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក។
ចុងបញ្ចប់លោកក៏បានស្នើអោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំពិធីជួបជុំអតីតនិស្សិតបញ្ចប់កម្មសិក្សាទាំងអស់ នៅក្នុងពេលឆាប់ៗណាមួយ ហើយគួរអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអែលមកចូលរួមផងដែរដើម្បីស្វែងយល់ ឬតាមដានពីការវិវឌ្ឍរីកចម្រើនទាំងជាលក្ខណៈបុគ្គល និងលក្ខណៈសង្គម។