កាលពីព្រឹកថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម បានបើកកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហានៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងសហគ្រាសផលិត និងកែច្នៃអង្ករកម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដែលបានជាប់ក្នុងការវាយតម្លៃលើកទី១ និងលើកទី២ សរុបប្រមាណ ចំនួន៨០នាក់។ កិច្ចប្រជុំនេះផងដែរ មានគោលបំណងដើម្បីស្វែងរកនូវដំណោះស្រាយរួមសម្រាប់ជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនអោយបានកាន់តែច្រើន។