ក្រោយពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនរួចមក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានបន្តជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច (USABC) ពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាព និងឱកាសក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងបង្ហាញនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច បានបោះទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក និងគ្រោងពង្រីកការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាកំពុងមានតម្រូវការវិនិយោទុនលើការអភិវឌ្ឍន៏ទំនើបកម្មកសិកម្ម ដើម្បីជំរុញកំណើនវិស័យកសិកម្ម ឲ្យស្របទៅនឹងរបត់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចរត់ទាន់ស្ថានភាពនៃការអភិវឌ្ឍន៏ក្នុងតំបន់។
ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច បានកត់សម្គាល់ឃើញថា ទីផ្សារចំណីសត្វនៅកម្ពុជាមានសក្តានុពល និងតម្រូវការខ្ពស់ ថែមទាំងតម្រូវឲ្យមានការវិនិយោគលើផ្នែកបច្ចេកវិទ្យាទំនើប ដែលនេះជាកត្តាទាក់ទាញដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច។ ក្រៅពីនេះ USABC ក៏មានការចាប់អារម្មណ៍ទៅលើការពង្រឹងសុវត្ថិភាពចំណីអាហារ និងការជំរុញផលិតភាពផលិតផលកសិកម្ម ដែលជាចំណុចសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ានបាននិងកំពុងយកចិត្តទុកដាក់។
ឆ្លៀតក្នុងឱកាសនេះ តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបង្ហាញនូវឆន្ទះក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូឯកជន។ ដោយឡែកអគ្គនាយកដ្ឋានបានបញ្ជាក់ថា កម្ពុជាមានច្បាប់និងលិខិតបទដ្ឋានក្នុងការគ្រប់គ្រងត្រួតពិនិត្យលើការងារចិញ្ចឹមសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ ចំណីសត្វ និងបសុឳសថ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី កម្ពុជានៅមានតម្រូវការរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ជាពិសេសលើសុវត្ថិភាពម្ហូបអាហារ។ ក្នុងករណីនេះកម្ពុជាបានស្នើដល់វិស័យឯកជនជួយគាំទ្រដល់ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិភាគកាកសំណល់ក្នុងសាច់សត្វ និងផលិតផលសត្វ។
USABC ក៏មានផែនការសហការជាមួយស្ថានទូតអាមេរិចនៅកម្ពុជា ក្នុងការរៀបចំធ្វើយុទ្ធនាការផ្សព្វផ្សារយពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា ក្នុងអំឡុងដើមឆ្នាំ២០១៩ ខាងមុខនេះ។ លើសពីនេះ USABC ក៏គ្រោងនឹងធ្វើការរៀបចំសិក្ខាសាលាពាក់ព័ន្ធទៅនឹងស្តង់ដារគុណភាព ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍន៏ពូជដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។