នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង៨:០០ ព្រឹក ថ្ងៃអង្គារ ០៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណ:កម្មការទី៣ នៃព្រឹទ្ធសភា ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី០៣ នៃព្រឹទ្ធសភា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាតំណាងពីគណៈកម្មការពាក់ព័ន្ធនៃព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមផងដែរ។
បន្ទាប់ពីឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបានណែនាំសមាសភាពនៃសមាជិកគណ:កម្មការ និងសង្ខេបជូនអង្គប្រជុំបានជ្រាបអំពីរបៀបវារ: និងគោលបំណងនៃកិច្ចប្រជុំនេះរួចមក ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលបានអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាប់នេះឆ្លងគណ:កម្មការទី៣ នៃព្រឹទ្ធសភានាពេលនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គប្រជុំថា គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះគឺ ដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាពតាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកប ដោយប្រសិទ្ធភាព ដោយផ្តោតលើគោលការណ៍គ្រឹះមានជាអាទិ៍៖ ទី១. អនុម័តវិធានការនានាដើម្បីធានានិរន្តរភាពយូរអង្វែងនៃប្រភេទត្រីពាក់ព័ន្ធ និងរក្សាការប្រើប្រាស់ឱ្យបានប្រសើរបំផុត។ ទី២. ការពារជីវៈចម្រុះនៅក្នុងបរិស្ថានសមុទ្រ។ ទី៣. ចាត់វិធានការដើម្បីទប់ស្កាត់ ឬលុបបំបាត់ការនេសាទហួសកម្រិត និងសមត្ថភាពធ្វើនេសាទលើសលប់។ ទី៤. ប្រមូល និងចែករំលែកទាន់ពេលវេលានូវទិន្នន័យស្តីពីសកម្មភាពនេសាទ រួមទាំងទីតាំងរបស់នាវា ព្រមទាំងផលចាប់ទាំងប្រភេទគោលដៅ និងមិនមែនជាប្រភេទគោលដៅ និងសមត្ថភាពនេសាទ និងទី៥. អនុវត្តនិងជំរុញវិធានការគ្រប់គ្រង និងអភិរក្ស តាមរយៈការតាមដាន ត្រួតពិនិត្យ និងការអង្កេតប្រកបដោយប្រសិទ្ធភាព។
ចំពោះអត្ថប្រយោជន៍វិញ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា ការផ្តល់ឱកាសឲ្យកម្ពុជាអាចចូលរួមដោះស្រាយចំពោះការទទួលខុសត្រូវជារដ្ឋម្ចាស់ទង់ជាតិស្របតាមច្បាប់ អន្តរជាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន។ លើកកម្ពស់ការគ្រប់គ្រងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា។ ទទួលបាននូវទិន្នន័យស្តីពីសកម្មភាពនេសាទ ផលចាប់ សមត្ថភាពនេសាទ និងជាពិសេសជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់អនុវត្តលើការគ្រប់គ្រង និងអភិរក្ស។ មួយវិញទៀត ធានាបាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងឆ្ងាយដោយចីរភាព។
ក្រោយពីបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ដើម្បីផលប្រយោជន៍ជាតិ ជាពិសេស ដើម្បីរួមចំណែកថែរក្សា អភិរក្សធនធានមានជីវិត និងប្រព័ន្ធអេកូឡូស៊ីក្នុងដែនសមុទ្រកម្ពុជាឲ្យមាននិរន្តរភាព អង្គប្រជុំបានសម្រេចដាក់សេចក្តីព្រាងច្បាប់នេះចូលទៅក្នុងប្រជុំអចិន្ត្រៃយព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៃព្រឹទ្ធសភា នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។